ភ្នំពេញ ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ខ្ទាតចេញពីជួរ ហើយរថយន្តបានខូចខាតផ្នែកខាងមុខនិងដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អដែរដែលមិនមានអ្នករបួស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមត្រង់ចំណុចមុខអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-4053 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដម ចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនពីត្បូងទៅជើង ហើយខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ខ្ទាតចេញពជួរ ចំណែករថយន្តខូចខាតផ្នែកខាងមុខនិងដាច់កង់មុខខាងឆ្វេង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ