តំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើមប្រើប្រាស់ប្រាក់រុស្ស៊ីចាប់ពីថ្ងៃទី ១ខែឧសភាតទៅ។
សារព័ត៌មាន RIA បានផ្សាយថា ការផ្លាស់ប្តូរមកប្រើប្រាស់ប្រាក់រុស្ស៊ីវិញ នឹងត្រូវចំណាយពេល៤ខែខាងមុខទៀត ។ ក្នុងរយៈពេលនោះប្រាក់រុស្ស៊ីនឹងចាប់ផ្តើមចរាចរណ៍ជាផ្លូវការទន្ទឹមនឹងប្រាក់ Hryvnia របស់ប្រទេសអ៊ុយក្រែន។
កន្លងមក នៅថ្ងៃទី២៦ខែមេសា រុស្ស៊ីបានប្រកាសគ្រប់គ្រងទាំងស្រុងនៅតំបន់ Kherson ដែលជាតំបន់យុទ្ធសាស្ត្រតភ្ជាប់ជាមួយតំបន់គ្រីមៀ និងតំបន់ស្វ័យភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។
រដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានគ្រប់គ្រងរដ្ឋបាលនៅក្នុងទីក្រុង Kherson ហើយបានតែងតាំងមេដឹកនាំថ្មីក្នុងទីក្រុងនោះ។ នេះជាទីក្រុងដំបូងដែលរុស្ស៊ីគ្រប់គ្រងជាផ្លូវការចាប់ពីសង្គ្រាមវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្សុីយកឈ្នះទៅលើកម្លាំងទាហានអ៊ុយក្រែន គ្រប់គ្រងទាំងស្រុងទីក្រុងKherson ៕ ដោយ៖ ធីរីណា
រូបថត ៖ Maxar