ខេត្តព្រះសីហនុ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ដែលជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមឱ្យបានសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិយើង។ លោកបញ្ជាក់បន្ថែមទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមប្រែក្លាយខ្លួន ពង្រឹងសមត្ថភាពបន្ថែម ទៅតាមរបត់ និងការវិវត្តរីកចម្រើនរបស់សង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ចំពោះការខិតខំប្រឹងប្រែង ព្រមទាំងការលះបង់ ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ជាពិសេស នៅពេលដែលកម្ពុជា ឆ្លងកាត់គ្រាដ៏លំបាកមួយ នៃការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកបានចាត់ទុកមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺជាឆ្អឹងខ្នង ក៏ដូចជាសសរទ្រូងនៃដួងព្រលឹងជាតិ។ ជាក់ស្តែង យើងឃើញថា គ្រប់កម្លាំងទាំងអស់ មិនថាមន្ត្រីសុខាភិបាល មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កងជីវពល ប្រជាជន សប្បុរសជន បានចូលគ្នាយ៉ាងសស្រោកសស្រាំ ក្នុងការជម្នះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ គឺទាំងអស់គ្នាចូលរួម ដោយរួមសុខរួមទុក្ខដោះស្រាយបញ្ហាជាមួយគ្នា។
គួររម្លឹកឱ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ នៃស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីលោក សៅ សុភាព ជាប្រធានគណបក្សចុះមូលដ្ឋានស្រុកស្ទឹងហាវ ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ចុះមូលដ្ឋានស្រុកស្ទឹងហាវជាច្រើនរូបទៀត៕
ដោយ ៖ សិលា