ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Apple បានពន្យារពេលឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី ចាស់ៗមុនពេលដកចេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, កាលពីចុងសប្តាហ៍មុន ភាពចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្តើមជូនដំណឹងដល់អ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនថា កម្មវិធីរបស់ពួកគេដែលមិនត្រូវបានអាប់ដេតជាយូរមកហើយនោះនឹងត្រូវដកចេញពី App Store ដែលនេះជាផ្នែកមួយនៃគម្រោង “App Store​ Improvements” ដើម្បីសម្អាតកម្មវិធី “ហួសសម័យ” ដែលមាននៅក្នុងកម្មវិធី App Store។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, អ្នកអភិវឌ្ឍន៍កម្មវិធីដែលរងផលប៉ះពាល់ជាច្រើនបានជំទាស់នឹងគោលការណ៍របស់ក្រុមហ៊ុន Apple ដោយកត់សម្គាល់ថា កម្មវិធីរបស់ពួកគេនៅតែបន្តដំណើរការបានល្អទោះបីជាមានការខ្វះខាតការអាប់ដេតក៏ដោយ ហើយពួកគេបានធ្វើការរអ៊ូរទាំទាក់ទងនឹងការងារជាច្រើនដែលត្រូវធ្វើសូម្បីតែការអាប់ដេតនោះមានទំហំតូចតាចក្ដី។ ម្យ៉ាងវិញទៀតកម្មវិធីមួយចំនួនក៏មិនចាំបាច់ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ផងដែរ។

ដើម្បីជួយសម្រួលដល់អ្នកអភិវឌ្ឍកម្មវិធី ក្រុមហ៊ុនបានប្ដូររយៈពេលកំណត់ពី ៣០ថ្ងៃទៅ ៩០ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីដែលរងផលប៉ះពាល់។ ក្រុមហ៊ុនបានបញ្ជាក់ថែមទៀតថា កម្មវិធីដែលមិនត្រូវបានអាប់ដេតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ និងដែលមិនបំពេញតាមកម្រិតអប្បបរមាសម្រាប់ការទាញយក (“មិនត្រូវបានទាញយកទាំងអស់ ឬតិចតួចបំផុតក្នុងអំឡុងពេល ១២ខែ”) គឺស្ថិតនៅក្រោមគោលការណ៍ថ្មីនេះ៕

ដោយ ៖ សិលា


ចែករំលែក៖