ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាអាមេរិកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតបានបំពេញទស្សនកិច្ចដោយមិនមានការព្រាងទុកទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានបង្ហោះនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ១ខែឧសភាថា «ខ្ញុំកំពុងតែជួបពិភាក្សាជាមួយលោកស្រី Nancy Pelosi ក្នុងទីក្រុងកៀវ។ អាមេរិកជាប្រទេសនាំមុខនៅក្នុងការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ សូមអរគុណដែលបានគាំទ្រយើងខ្ញុំការពារដែនអធិបតេយ្យភាព»។
ក្នុងពេលជាមួយគ្នានេះដែរ លោកស្រី Nancy Pelosi បានប្រកាសថា គោលដៅនៃសង្គ្រាមរបស់អ៊ុយក្រែន គឺដើម្បីមនុស្សគ្រប់គ្នា ។ លោកស្រីបន្តទៀតថា
«យើងជឿជាក់ថា ខ្លួនខ្ញុំបានមកសួរសុខទុក្ខអស់លោកអ្នក និងអរគុណដែលបានតស៊ូក្នុងសង្គ្រាមដើម្បីសេរីភាព …សង្គ្រាមរបស់អស់លោកគឺជាសង្គ្រាមដើម្បីមនុស្សគ្រប់គ្នា»។
តាមគម្រោងលោកស្រី Nancy Pelosi នឹងបន្តបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃទី ១ខែឧសភា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ និងអរគុណដល់ប៉ូឡូញដែលបានជួយដល់ប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Volodymyr Zelensky/ Twitter


ចែករំលែក៖