ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជាមិនរើសអើង ជួយការពារអាយុជីវិតនិងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ពោលគឺមិនមានគណបក្សមួយណាបានលះបង់និងការពារអាយុជីវិតប្រជាជនដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ។
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៧៨រូបនៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ។ មិនមានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជាបានគិតគូរយ៉ាងខ្លាំងក្លាលើសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដូសទី៣បានចំនួនជាង១០០%ហើយៗបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀននៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោកក៏បានសំណូមពរឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ គឺសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ប្រែក្លាយជាសន្លឹកឆ្នោតមួយសន្លឹក។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តីបានបញ្ជាក់ឱ្យដឹងថា សមាជិកគណបក្សភ្លើងទៀនដែលប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៧៨នាក់នៅរសៀលនេះក៏មានការបញ្ចូលសមាជិកគណបក្សសង្គ្រោះជាតិចំនួន៧៧២នាក់ សរុបចំនួន៨៥០នាក់ បានមកចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ ៕
ដោយ ៖ សំរិត