ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបង្រ្កាប​ឃាត់រថយន្តដឹកឈើមួយគ្រឿងអត់ច្បាប់​នៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿង​ត្រូវ​បានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ធ្វើការ​បង្ក្រាបកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២​ នៅត្រង់ចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

    បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក ហេង សម្រាក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖ កម្លាំង​ជំនាញ​ខេត្ត​សហការជាមួយ​កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6592 ដឹកឈើអារចម្រុះគ្មានលិខិតអនុញ្ញាត ។

   លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​បានឱ្យដឹងទៀតថា​៖​ ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ចជំនាញបានរកឃើញឈើអារចម្រុះចំនួនជាង១០០សន្លឹកនៅក្នុងរថយន្ត។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។ 

    លោកប្រធាន​ការិយាល័យ​រូបនេះ​បានបន្តថា​ ក្រោយប្រតិបត្តិការចប់  វត្តុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ដបន្តតាមនីតិវិធី។ រីឯ​ម្ចាស់រថយន្ត​ និងម្ចាស់ឈេីកម្លាំងជំនាញកំពុង​ធ្វើការ​ស្រាវជ្រាវ​កោះហៅ​ឱ្យ​ចូល​មកដោះស្រាយតាមផ្លូវច្បាប់​៕

ដោយ​៖ សហការី​


ចែករំលែក៖