ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចព្យាករថា រុស្ស៊ីនឹងប្រកាសសង្គ្រាមជាមួយអ៊ុយក្រែននៅទិវាជ័យជម្នះ ៩ឧសភា

ចែករំលែក៖

សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានព្យាករថា រុស្ស៊ី នឹងប្រកាសសង្គ្រាមជាមួយអ៊ុយក្រែនក្នុងទិវាជ័យជម្នះថ្ងៃទី ៩ខែឧសភា ដើម្បីប្រមូលកម្លាំងទាំងអស់របស់រុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះប្រទេសក្នុងតំបន់អឺរ៉ុបក៏បានបង្កើនការផ្តល់ជំនួយអាវុធទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី០៣ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ចក្រភពអង់គ្លេស នៅថ្ងៃទី២ខែឧសភាបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយយោធាបន្ថែម គិតជាទឹកប្រាក់៣៧៥លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងបរិក្ខារនៃប្រព័ន្ធ electronic warfare និងប្រព័ន្ធរ៉ាដាផងដែរ។
ចក្រភពអងគ្លេសបានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះច្រើនជាង ៥,០០០ដើម និងប្រព័ន្ធការពារដែនអាកាស៥គ្រឿង រួមទាំងគ្រាប់រំសេវជាច្រើនទៅឱ្យអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដែលបានបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសខ្លួនរាប់លាននាក់។
ក្រៅពីអង់គ្លេស, ប្រទេសលោកខាងលិចមួយចំនួនទៀតតួយ៉ាងដូចជាសហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា និងមនុស្សធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែន ហើយគិតមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាច្រើនជាង៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ខណៈដែលលោក ចូ បៃឌិន កំពុងស្នើសុំឱ្យសភាអាមេរិកទម្លាក់កញ្ចប់ថវិកាបន្ថែមច្រើនជាង២០ពាន់លានដុល្លារដល់អ៊ុយក្រែន។
ប៉ុន្តែព្រមពេលជាមួយគ្នានេះ រុស្ស៉ីកាលពីសប្ដាហ៍មុន បានចោទប្រកាន់ថា បណ្ដាប្រទេសជាសមាជិក NATO កំពុងធ្វើសង្រ្គាមដោយប្រយោលជាមួយរុស្ស៉ី តាមរយៈការបញ្ជូនអាវុធដូចទឹកបាក់ទំនប់ទៅឱ្យអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Getty


ចែករំលែក៖