ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យព័ត៌មានមានសារៈសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំប្រទេសជាតិ សម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេស និងសម្រាប់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក ០៣ ឧសភា ។
លោកបណ្ឌិតហ៊ុន ម៉ាណែតថ្លែងថា៖ អ្នកសារព័ត៌មានជាអំណាចទី៤ ប៉ុន្តែអំណាចនោះ គួរគោរពទៅតាមវិជ្ជាជីវៈ ធ្វើឱ្យគេគោរពស្រឡាញ់ មិនមែនជាអំណាចដែលធ្វើឱ្យគេខ្លាចនោះទេ។
តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រវិស័យព័ត៌មាន ដែលបានសរសេរនូវហេតុការណ៍ពិត ព័ត៌មានពិតក្នុងសង្គម ឧទាហរណ៍ ដូចក្នុងករណីប្រជាពលរដ្ឋជួបរឿងអយុត្តិធម៌ មានជំងឺ មានជីវភាពខ្វះខាត គឺសម្ដេចបានឱ្យមន្រ្តីចុះជួយដោះស្រាយគ្រប់ពេលវេលា។ លោកបន្តថា ការសរសេរ ឬឡាយនូវសកម្មភាពបែបនេះ គឺជាព័ត៌មានជួយដល់សង្គម លេីកលែងតែការសរសេរនោះ ប្រាសចាកការណ៍ពិត ក្លាយទៅជាការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬជាការមួលបង្កាច់នោះដែលមានការហាមឃាត់ពីអាជ្ញាធរ សមត្ថកិច្ច ខណៈដែលប្រទេសយេីងមានច្បាប់ ត្រូវយកច្បាប់ជាមូលដ្ឋាន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកខ្លះថាប្រទេសកម្ពុជាយើងបិទសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ ដូច្នេះចំណុចនេះ ខ្ញុំចង់សួរថា បិទសិទ្ធិត្រង់ណា បេីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលេីកឡេីងថា អាជ្ញាប័ណ្ណជាង២០០០អង្គភាព ហើយមានបុគ្គលិករហូតដល់ជាង៥០០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង១៧លាននាក់ ឃេីញថាសេរីភាពនៃការបញ្ចេញមតិ ក៏ដូចជាសិទ្ធិទទួលយកព័ត៌មានគ្រប់គ្រាន់ទៅហេីយ។ លោកថ្លែងបញ្ជាក់ថា បេីនៅប្រទេសមហាអំណាចខ្លះ ដូចជា អាមេរិក បារាំង អង់គ្លេស ករណីខ្លះក៏គេបិទឬហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានចូលទៅក្នុងទីក្រុង ឬរដ្ឋណាមួយដែរ ប្រសិនបើមានករណី
កេីតសង្គ្រោម ផ្ទុះបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ គឺគេមិនឱ្យអ្នកសារព័ត៌មានចូលទេ ឬអនុវត្តវិធានការបំរាមគោចរ
ដែលជាវិធានការធានាសុវត្ថិភាព សន្ដិភាព សុវត្ថិភាពនៅទីនោះ ដែលនេះមិនហៅថាបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានទេ។
លោកបណ្ឌិតបានថ្លែងបន្តថា អ្នកសារព័ត៌មានប្រៀបបានដូចយោធា គោរពវិន័យ ស្រឡាញ់ខ្លួនឯង ស្គាល់ពីតួនាទីខ្លួនឯង ពិសេសព័ត៌មានមានសារៈសំខាន់ណាស់ ពីការប្រមូលនិងវិភាគ សន្និដ្ឋានឱ្យបានច្បាស់លាស់សម្រាប់កិច្ចការណាមួយ ក៏ដូចជាការធ្វើសង្គ្រាមជាដើម ត្រូវសរសេរពីចំណុចខ្សោយរបស់សត្រូវនេះជាដេីម៕
ដោយ៖ស តារា