ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសអតីតមេដឹកនាំហ្វីលីពីន នាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតី

ចែករំលែក៖

លោក Ferdinand Marcos Jr កូនប្រុសអតីតប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Sr បានបន្តនាំមុខនៅក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ។
តាមការស្ទង់មតិពលរដ្ឋបង្ហាញឱ្យឃើញថា លោក Ferdinand Marcos Jr ត្រូវបានគេស្គាល់ តាមរយៈរហស្សនាម “Bongbong” បាននាំមុខនៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៩ខែ ឧសភានេះ ។
ជាមួយនឹងការសន្យាបង្រួបបង្រួមជាតិ លោក”Bongbong” បានសន្យាជំរុញវិស័យជាច្រើនទៀត ដើម្បីបង្កើនការងារធ្វើ ដោះស្រាយវិបត្តិ តម្លៃទំនិញឡើងថ្លៃ នឹងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយបញ្ចប់កូវីដ-១៩ ។
លោក “Bongbong” បាននិយាយនៅក្នុងការឃោសនាបោះឆ្នោតថា «ការសាមគ្គី គឺជាមូលដ្ឋានគ្រឹះ ដោយខ្ញុំជឿជាក់ថា សាមគ្គីជាជំហានដំបូងដើម្បីជួយដល់ប្រទេសជាតិឆ្លងផុតពីវិបត្តិដែលកំពុងតែជួបប្រទះនាពេលនេះ»។
លោក Ferdinand Marcos Jr ជាកូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcos Sr ដែលកាន់អំណាចដឹកនាំហ្វីលីពីននៅឆ្នាំ ១៩៧២-១៩៨១ ដោយមានភាពល្បីល្បាញជាមេដឹកនាំផ្តាច់ការ។ លោកបានអនុវត្តច្បាប់អាជ្ញាសឹក ដោយចេញបញ្ជាឱ្យសម្លាប់មនុស្សជាច្រើនដោយមិនឆ្លងកាត់ការកាត់ទោសពីតុលាការ ។
យុទ្ធនាការឃោសនារបស់លោក Ferdinand Marcos Jr ទទួលបានការគាំទ្រខ្ពស់ ដោយមួយផ្នែកមានការចូលរួមពីបេក្ខភាពអនុប្រធានាធិបតី ដែលជាកូនស្រី ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Rodrigo Duterte គឺលោកស្រី Sara Duterte-Carpio៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖