មានប្រសាសន៍ទៅកាន់ពលរដ្ឋនៅក្នុងប្រទេសដាណឺម៉ាកក្នុងឱកាសគម្រប់ខួបនៃទិវាជ័យជម្នះលើរបបហ្វាស៊ីស អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែននឹងទទួលបានសន្តិភាពក្នុងពេលឆាប់ៗខាងមុខ។
សារព័ត៌មាន CNN បានផ្សាយថា លោក Volodymyr Zelensky បាននិយាយទៅកាន់មហាជនក្នុងប្រទេសដាណឺម៉ាកកាលពីថ្ងៃទី៤ ខែឧសភា ថា «ក្តីស្រមៃចង់បានសន្តិភាពនឹងក្លាយជាការណ៍ពិតដូចអ្វីដែលបានកើតឡើងកាលពី៧៧ឆ្នាំមុន»។
ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា អ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនៅក្នុងតំបន់អឺរ៉ុប ។ លោក Volodymyr Zelensky បន្តទៀតថា អឺរ៉ុបមានលទ្ធភាពជួយបញ្ចប់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោកនឹងមិនចុះកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុង មូស្គូឡើយ បើកងទ័ពរុស្ស៉ីមិនព្រមដកចេញពីទឹកដីអ៊ុយក្រែន។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងដោយកាសែត Wall Street Journal នៅថ្ងៃទី៤ខែឧសភា លោក Volodymyr Zelensky បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនទទួលយកបទឈប់បាញ់ណាមួយនោះទេ ប្រសិនបើបទឈប់បាញ់ ឬកិច្ចព្រមព្រៀងនោះ នៅតែអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីបន្តមានវត្តមាននៅលើទឹកដីអ៊ុយក្រែនដែលពួកគេកំពុងកាន់កាប់»។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះមិនបានបញ្ជាក់លម្អិតនោះទេ។
បើតាមលោក Volodymyr Zelensky ទាហានអ៊ុយក្រែនបានបញ្ឈប់ការឈ្លានពានរបស់រុស្ស៉ីនៅក្នុងសង្រ្គាមដំណាក់កាលទី១ ហើយក្នុងដំណាក់កាលទី២នាពេលបច្ចុប្បន្ន អ៊ុយក្រែននឹងបណ្ដេញទាហានរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន និងនៅដំណាក់កាលទី៣ អ៊ុយក្រែននឹងស្ដារឡើងវិញនូវបូរណភាពទឹកដីទាំងស្រុង៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)