ព័ត៌មានទាន់ហេតុការណ៍៖

សំបុត្រចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ Champions League របស់អ្នកគាំទ្រក្លិប Liverpool កើនប្រហែល២៦.១ភាគរយក្នុងកីឡដ្ឋាន Stade de France

ចែករំលែក៖

អ្នកគាំទ្រក្រុមហង្សក្រហម Liverpool នឹងទទួលបានសំបុត្រចំនួន១៩,៦១៨សម្រាប់ការទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Real Madrid ដែលប្រហែលមួយភាគបួននៃសមត្ថភាពរបស់កីឡដ្ឋាន Stade de France។ ក្លិបហង្សក្រហមក៏បានប្រកាសពីការបែងចែករបស់ខ្លួនដែលស្មើនឹង២៦.១ភាគរយនៃសមត្ថភាព៧៥,០០០កៅអីដែល UEFA បានបញ្ជាក់។

សម្ព័ន្ធអ្នកគាំទ្រ Liverpool ឈ្មោះ Spirit of Shankly បានហៅការបែងចែកនេះថា ជាការបែងចែកមិនល្អ។ UEFA ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបលក់១២,០០០កៅអីទៅ អ្នកគាំទ្រទូទាំងពិភពលោក ហើយបានបិទការលក់សំបុត្ររបស់ខ្លួនសម្រាប់ដំណើរការលក់នេះនៅថ្ងៃទី២៨ខែឧសភា។ សំបុត្ររបស់អ្នកគាំទ្រក្រុម Liverpool សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៨ ឧសភា មានតម្លៃចាប់ពី៤១.៩៣ផោនដល់៥៧៨.៦៣ផោន។

តិចជាង៥ភាគរយនៃការបែងចែករបស់ក្លិបនឹងត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុត ដោយសំបុត្រភាគច្រើន៥៥.៧ភាគរយ បែងចែកក្នុងប្រភេទដែលមានតម្លៃ១២៥.៧៩ផោន ឬ១០០.៦៣ផោនជាមួយនឹងទិដ្ឋភាពដាក់កម្រិត។ក្រុម Real Madrid នឹង​ទទួល​បាន​ការ​បែង​ចែក​ស្រដៀង​គ្នា​ទៅ​នឹង Liverpool ដែល​មាន​ន័យ​ថា ​ក្លិប​ទាំង២​មាន​កៅអី​សរុប​ប្រហែល៤០,០០០កៅអី។

កៅអីប្រហែល២៣,០០០នឹងមានសម្រាប់សមាគមជាតិ ដៃគូពាណិជ្ជកម្ម អ្នកផ្សាយ និងកម្មវិធីបដិសណ្ឋារកិច្ចផ្លូវការរបស់ UEFA។ សំបុត្របដិសណ្ឋារកិច្ចជាច្រើននៅតែដាក់លក់នៅលើគេហទំព័ររបស់ UEFA ដោយចាប់ផ្តើមពីតម្លៃ៤,៩០០អឺរ៉ូ (៤,១៧៨ផោន) និងឈានដល់៨,៩០០អឺរ៉ូ (៧,៥៩០ផោន)។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវ​បាន​ផ្លាស់​ទៅ​ទីក្រុង​ប៉ារីស​ពី​ទីក្រុង St Petersburg បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។

អ្នកគាំទ្រដែលបានចូលរួមការប្រកួត Champions League ក្នុងផ្ទះចំនួន៦ក្នុងរដូវកាលនេះ និងការប្រកួតក្រៅដីក្នុងការប្រកួតអំឡុងយុទ្ធនាការអឺរ៉ុប២០១៩-២០២០ ត្រូវបានធានានូវឱកាសក្នុងការទទួលបានសំបុត្រមួយ។ សម្រាប់សំបុត្រដែលនៅសេសសល់ ក្លិបនឹងដំណើរការដាក់ក្នុងសន្លឹកឆ្នោតសម្រាប់អ្នកគាំទ្រដែលបានចូលរួមការប្រកួត Champions League ក្នុងផ្ទះចំនួន៦ដងក្នុងរដូវកាលនេះ។ អ្នក​គាំទ្រ​ត្រូវ​បាន​ណែនាំ​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​បារាំង​ប្រសិន​បើ​ពួកគេ​មិន​មាន​សំបុត្រ​ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖