បើទោះបីរុស្ស៊ីបានច្រានចោល យកថ្ងៃទី៩ខែឧសភាប្រកាសសង្គ្រាមទ្រង់ទ្រាយធំ ប៉ុន្តែកម្លាំងទាហានអ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែ Mariupol កំពុងប្រឈមការវាយប្រហារជាលើកចុងក្រោយទ្រង់ទ្រាយធំពីរុស្ស៊ី។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អ្នកឯកទេសវិភាគ ក្នុងនោះមានទាំងនាយក CIA របស់អាមេរិកផងក៏បានលើកឡើងថា ប្រធានាធិបតីពូទីន ដាច់ខាតត្រូវតែឈ្នះនៅក្នុងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយសង្គ្រាមនេះគឺជាសង្គ្រាមរវាងរុស្សី នឹងប្រទេសលោកខាងលិច តែវាកើតឡើងនៅលើទឹកដីអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ជឿជាក់ថារូបលោកមិនអាចចាញ់នៅក្នុងសង្រ្គាមអ៊ុយក្រែនជាដាច់ខាត និងកំពុងបង្កើនការប្ដេជ្ញាចិត្តយកជ័យជម្នះទ្វេដង។ ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនោះទេ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បានធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយរៀបចំឡើងដោយកាសែត Financial Times កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ប៊ឺន ទោះបីជាកងទ័ព
រុស្ស៉ីបានបរាជ័យក្នុងការវាយកាន់កាប់ទីក្រុងកៀវ ហើយកំពុងប្រឈមមុខនឹងការវាយទប់ទល់យ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងតំបន់Donbas ក៏ដោយ តែលោក ពូទីន នៅតែជឿជាក់ថាកងទ័ពរុស្ស៉ីអាចយកជ័យជម្នះលើអ៊ុយក្រែន ដោយមិនអាចចាញ់ជាដាច់ខាត។
លោកបន្ថែមថា បច្ចុប្បន្ន លោក ពូទីន កំពុងបង្កើនការប្ដេជ្ញាចិត្តទ្វេដង ដើម្បីយកជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន តែមិនមានសញ្ញាណា មួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនោះទេ។ នាយក CIA បានបញ្ជាក់ដូច្នេះថា «តាមរយៈព័ត៌មានសម្ងាត់, ភស្តុតាងជាក់ស្ដែងជាច្រើន, យើងមើលមិនឃើញឡើយពីផែនការរបស់រុស្ស៉ី នៅក្នុងការដាក់ពង្រាយ ឬក៏ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនោះទេ»។
តែទោះជាយ៉ាងណាក៏ដោយ, លោក វីលៀម ប៊ឺន មិនបានធ្វើការសន្និដ្ឋាន ឬវាយតម្លៃពីស្ថានភាពនៅឯសមរភូមិសង្រ្គាម ឬក៏ព្យាករថាតើ សង្រ្គាមនៅអ៊ុយក្រែននឹងបិទបញ្ចប់ទៅដោយបែបណានោះទេ៕ ដោយ៖ ធីរីណា
រូបថត៖Reuters