ក្រុម Manchester City បានខកចិត្តនៃការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង Real Madrid ប៉ុន្តែក្រុមខ្លាំងអង់គ្លេសមួយនេះបានផ្តួលក្រុមភ្ញៀវ Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផល៥ទល់០ និងបើកការនាំមុខ៣ពិន្ទុនៅលើក្រុមលេខ២ Liverpool ឈរកំពូលនៃក្របខ័ណ្ឌ Premier League ។
ក្រុមម្ចាស់ជើងឯកបាននាំមុខ៣ពិន្ទុវិញ ដោយសារក្រុម Liverpool ស្មើជាមួយក្រុម Tottenham Hotspur កាលពីថ្ងៃសៅរ៍ដែលមិនត្រឹមតែពង្រឹងជំហររបស់ពួកគេនៅកំពូលតារាង Premier League ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវភាពខុសគ្នានៃគ្រាប់បាល់របស់ពួកគេផងដែរ។
កីឡាករ Chris Wood បានខ្ជះខ្ជាយឱកាសដំបូងដ៏អស្ចារ្យសម្រាប់ក្រុមNewcastle ដោយការស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានរារាំងដោយកីឡាករក្រុម Man City ផ្ទុយទៅវិញខ្សែប្រយុទ្ធ Raheem Sterling បានរកគ្រាប់បាល់នាំមុខនៅនាទីទី១៩។ គ្រាប់ទី២នៃតង់ទី១ រកបានដោយកីឡាករ Aymeric Laporte នៅនាទីទី៣៨ បន្ទាប់ពីអ្នកចាំទី Newcastle កីឡាករ Martin Dubravka បានភ្លាត់ស្នៀតបាល់ចាប់មិនបាន។
Man City នៅតែបន្តសម្រុកទៅលើក្រុម Newcastle ដោយនៅតង់ទី២ រកបាន៣គ្រាប់ទៀត ដោយកីឡាករ Rodri នៅនាទីទី៦១ មុនពេលកីឡាករបម្រុង Phil Foden រកបានគ្រាប់ទី៤នៅនាទីទី៩០។ ស្ថិតក្នុងម៉ោងបន្ថែមទៅហើយគឺនៅនាទីទី៩០+៣ ក្រុម Man City ធ្វើបានល្អមានឱកាសរកបាន១គ្រាប់ទៀតដែលជាគ្រាប់ទី៥ ដោយកីឡាករ Sterling ដដែល។
លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ឈរនៅលើកំពូលតារាងដើម្បីរក្សាតំណែងរបស់ពួកគេដែលបានផ្តល់ឱ្យពួកគេនាំមុខ៣ពិន្ទុជាមួយនឹងការប្រកួតចំនួន៣ដែលត្រូវលេងបញ្ចប់រដូវកាលនេះ ហើយជ័យជម្នះដ៏សំខាន់នេះបានធ្វើឱ្យពួកគេមានឱកាសលើកពានរដូវកាលនេះកាន់តែច្រើនជាងក្រុម Liverpool ដោយសារ Man City ប៉ះសុទ្ធតែក្រុមដែលអាចយកឈ្នះបានដោយស្រួល។
ក្រុម Man City នៅសល់៣ប្រកួតទៀត ដោយការប្រកួតក្រៅដីជាមួយក្រុម Wolverhampton Wanderers និង West Ham United ហើយនឹងការប្រកួតក្នុងទឹកដីជាមួយក្រុមAstonVilla ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)