ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយបណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។

     សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា  អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ធី សុខគង់ អាយុ២៤ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អាន ចំរើន ភេទប្រុស អាយុ២២ ឆ្នាំ  រស់នៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១M-៩៥១៣ ខូចខាតយ៉ាងដំណំ។

    ចំណែកភាគីរងគ្រោះមានឈ្មោះម៉ក់ ម៉ាណែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ប្រផេះ ពាក់ស្លាកលេខ ស្វាយរៀង ១k-០០៣៥។

     តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M-៩៥១៣ លើផ្លូវជាតិលេខ១៣ ហើយក៏បានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ប្រផេះ ពាក់ស្លាកលេខ ស្វាយរៀង ១k-០០៣៥ចាប់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

     ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖