ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកពីរនាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០២២ នៅលើផ្លូវលំត្រង់ចំណុចភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ប៊ុនឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើកបរ។ ចំណែកអ្នករួមដំណើរដែលរបួសស្រាលមានឈ្មោះ ឈួន រាជ ភេទប្រុស អាយុ៣០ឆ្នាំ។ អ្នកទាំងពីរនាក់រស់នៅក្នុងភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១HX-៦៩៤៣ បើកបរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១C-៦២៦៣ បើកបរដោយឈ្មោះ សី ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ បើកបរបញ្រ្ចាសទិសគ្នា។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុមន្រ្តីនគរបាលជំនាញបានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបសេដ្ឋ។
រីឯសពជនរងគ្រោះ ផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា