ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានឯខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ  ដែលកំពុងសម្រាកព្យាបាលជំងឺនៅខេត្តកំពត។

នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២  ក្រោយទទួលបានព័ត៌មានស្តីពីការចូលសម្រាកព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សិល្បករចាប៉ីដងវែង និងជាមរកតមនុស្ស លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ចុះសួរសុខទុក្ខ និងពាំនាំថិវកាមួយចំនួនដើម្បីជូនលោកព្រឹទ្ធចារ្យដើម្បីដោះស្រាយបន្ទុកចំណាយថ្លៃសម្រាកព្យាបាល។ ក្នុងនាមលោកស្រីបណ្ឌិតសភាចារ្យ ក្រុមការងារបានជូនពរដល់លោកព្រឹទ្ធាចារ្យ សូមឆាប់ជាសះស្បើយពីរោគាព្យាធិ។ 

 គួរបញ្ជាក់ជូនដែរថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាសំខាន់ដល់សុខទុក្ខរបស់សិល្បក សិល្បការិនី ពិសេសព្រឹទ្ធាចារ្យសិល្បៈដែលជាធនធានមរតកមនុស្សរស់របស់ជាតិ។

សូមរំលឹកដែរថាកាលពីឆ្នាំ២០១៧​ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលពាន រង្វាន់ សិល្បៈ និង វប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ផ្តល់ជូនបុគ្គលដែល មានស្នាដៃឆ្នើម ក្នុងតំបន់អាស៊ីពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ៕

ដោយ៖ សូរិយា


ចែករំលែក៖