ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ថថយក្រោយត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹង ខូចខ្ទេចទាំងសងខាងនៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Montero យ៉ាងលឿន ហើយបានជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ មួយគ្រឿងដែលកំពុងបើកថយក្រោយចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងនេះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២  នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-8658 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ឈប់ហើយបើកថយក្រោយក្នុងបំណងចូលទៅរោងបុណ្យដើម្បីដឹកអីវ៉ាន់ ខណៈនោះក៏មានរថយន្តម៉ាក Montero ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-5878 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយចំពីចំហៀងទ្វារមុខ ផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖