ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រារព្ធខួប៧៧ឆ្នាំ ទិវាជ័យជម្នះ ៩ឧសភា

ចែករំលែក៖

នៅថ្ងៃទី៩ខែឧសភា គឺជាទិវាជ័យជម្នះនឹងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងធំៗរបស់រុស្ស៊ី ដោយមានការដង្ហែក្បួនព្យុហយាត្រា និងបាញ់កាំជ្រួចភ្ញីភ្លើងអបអរសាទរផងដែរ។ ពិធីដង្ហែក្បួនព្យុហយាត្រា ត្រូវបានធ្វើឡើងក្រោយរយៈពេល ២ឆ្នាំ ផ្អាកដោយសារកូវីដ-១៩ ។
នៅក្នុងទីក្រុងចំនួន២៨ក្នុងប្រទេសរុស្ស៊ី បានប្រារព្ធពិធីដង្ហែក្បួនព្យុហយាត្រាគម្រប់ខួប៧៧ឆ្នាំទិវាជ័យជម្នះដ៏អស្ចារ្យ។
នៅក្នុងទីក្រុងមូស្គូវិញ ក្នុងទីលានក្រហម មានពលរដ្ឋជាង ៦៥ពាន់នាក់ចូលរួម និងកម្លាំងទាហានមកពី២៤០០កងពល និងអាវុធទំនើបៗ ដង្ហែនៅលើដងផ្លូវក្នុងទីលានក្រហម។
កាលពីថ្ងៃទី៧ខែឧសភា កម្លាំងទាហានរុស្ស៊ីបានចាប់ផ្តើមហ្វឹកហាត់សម្រាប់ការដង្ហែក្បួនសមយុទ្ធ នាថ្ងៃទី៩ខែឧសភា ជាថ្ងៃទទួលបានជ័យជម្នះលើរបបហ្វាស៊ីស អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ ។ ក្នុងការហ្វឹកហាត់មានកាំជ្រួចមីស៊ីលឆ្លងទ្វីប RS-24 Yars និងយន្តហោះចម្បាំង ជាច្រើនគ្រឿងចូលរួម។
ទិវាជ័យជម្នះ គឺជាថ្ងៃបុណ្យដ៏សំខាន់បំផុតនៅរុស្សី ត្រូវបានប្រធានាធិបតីពូទីនធ្វើឱ្យរស់ឡើងវិញ ដោយមានពិធីដង្ហែក្បួនយ៉ាងអធឹកអធម និងមានទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ២០១៤មក ។ ពិធីនេះបានប្រែក្លាយជាថ្ងៃដែលរុស្ស៊ីបង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន ។
តាមរបាយការណ៍ មានជនជាតិសូវៀតប្រមាណ២៧លាននាក់ស្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ គឺច្រើនជាងប្រទេសផ្សេងទៀត ។ ពលរដ្ឋរុស្ស៊ីនៅតែចងចាំថ្ងៃនោះមិនភ្លេចឡើយ៕

រូប​ថត​ ៖​ Getty Images

ដោយ៖ធីរីណា(រូបថត​ :​ AP)


ចែករំលែក៖