ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​អាវុធ​២គ្រាប់​ក្នុងករណីប្លន់ម៉ូតូពីនារី​ម្នាក់​ ប៉ុន្តែ​មិនបានសម្រេចនៅខណ្ឌចំការមន

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យ​ពីរ​នាក់​បានធ្វេីសកម្មភាពធាក់ផ្ដួលម៉ូតូរបស់ស្រីស្អាត​ម្នាក់ហេីយ​ស្រែកគំរាម​សម្លុត​និងដកកាំភ្លេីងបាញ់២គ្រាប់បំណងប្លន់យកម៉ូតូពីនារី​រូបនេះ​ ប៉ុន្តែ​មិនបានសម្រេចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ 

    ករណី​ប៉ុនប៉ង​ប្លន់ម៉ូតូ​ខាងលេីនេះ​បានកេីតឡេីង​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២នេះ នៅ​ចំណុច​ក្រោយ​ស្ថានទូត​ចិន ផ្លូវលេខ​១៧៦​កែង​ផ្លូវ​លេខ៤១៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

    បើ​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុ​បានឱ្យ​ដឹង​ថា មុនពេលកើតហេតុ​គេឃើញនារី​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​ដាស្គូពី ពណ៌ស​ ស៊េរី​ឆ្នាំ​២០២០ តាមផ្លូវ​​ត្រង់ចំណុចខាងលើ ស្រាប់តែ​ពេលនោះលេចមុខ​ជនសង្ស័យ​ចំនួន​២នាក់​បានជីះម៉ូតូមកក្បែរ ហើយក៏ធ្វើ​សកម្មភាព​ធាក់ផ្តួលម៉ូតូនារីរងគ្រោះ ហើយ​បាញ់​គំ​រា​ម​ចំនួន​២​គ្រាប់ក្នុង​បំណង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច​ឡើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលតែម្តង។ 

    បេី​តាម​សម្ដី​នារី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ មានវ័យ​ប្រហែល​៣០ឆ្នាំ​ បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លុះ​ជិះ​ចេញ​បានបន្តិច ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាកមក​ស្រែ​កថា «​អោយ​ឈប់​ៗ» រួច​ធាក់​ផ្តួលម៉ូតូ​របស់​គាត់ និង​បាន​ដក​កាំភ្លើង​ខ្លីបាញ់​គំ​រា​ម​ចំនួន​២​គ្រាប់បំណងប្លន់យកម៉ូតូ តែ​មិន​បាន​សម្រេច​ឡើយ ដោយសារ​តែ​នៅក្បែរនោះមាន​ក្រុម​បុគ្គលិក​ធ្វើការ​ក្នុង​ហាង​ជាច្រើន​នាក់នាំគ្នា​ចេញ​មក​មើល ទេីបធ្វេីឱ្យជនសង្ស័យ​ជិះ​ម៉ូតូគេច​ខ្លួន​បាត់​ស្រមោល​​ទៅ។

    ក្រោយ​កើតហេតុ ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមនបានចុះ​ទៅ​កន្លែង​កើតហេតុ រួចនាំ​នារីរង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​កំណត់មុខសញ្ញាធ្វេីការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួនជនសង្ស័យយកមក​ចាត់ការ​តាម​​ច្បាប់​៕

ដោយ​៖ជ្រោយពេជ្រ


ចែករំលែក៖