ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ទោ កែវ សារិ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបចាប់ឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង០៣នាក់ ខណៈពួកគេកំពុងប្រព្រឹត្តល្បែងស៊ីសង អាប៉ោង ជាក់ស្ដែងនៅចំណុចភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២.៤៥នាទី រសៀលថ្ងៃអាទិត្យទី១៥ ខែឧសភាម្សិលមិញនេះ ។
លោកវរសេនីយ៍ទោ កែវ សារិ ដោយអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមរបស់លោកស្នងការនគរបាលខេត្ត ស្តីពីការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបល្បែងស៊ីសងអាប៉ោង០១ករណី នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនមនុស្សបានចំនួន០៣នាក់នឹងវត្ថុតាងមួយចំនួន ។
លោកអធិការ បានបន្តថាអ្នកញៀនល្បែងទាំង៣នាក់នេះ៖ ទី១ឈ្មោះ វ៉ាន់ ម៉ាប់ ភេទប្រុស អាយុ៦២ឆ្នាំ មេបាញ់អាប៉ោង ទី២ឈ្មោះ ម៉ុន ម៉ែន ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុង ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាងដែរដកហូតបានរួមមាន៖ មេអាប៉ោងចំនួន០១គ្រាប់ ចានសម្រាប់បាញ់អាប៉ោងចំនួន០១ ផ្តិលចំនួន០១ កំរាលចំនួន០១ ម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្នអ្នកទាំង៣នាក់នេះ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សហការី