ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងពឹងចិនឱ្យជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានផ្សាយថា កូរ៉េខាងជើង បានទំនាក់ទំនងជាមួយចិន ស្នើដល់ចិនជួយទប់ស្កាត់ការឆ្លងរាលដាកូវីដ-១៩នៅក្នុងប្រទេសនេះ ក្នុងនោះមានការស្នើសុំសម្ភារ បរិក្ខារពេទ្យផងដែរ ។ ភាគីចិននិងកូរ៉េខាងជើង បានជួបពិភាក្សាគ្នារួចមកហើយពីជំនួយទប់ស្កាត់កូវីដ-១៩ ។
កាលពីថ្ងៃទី១៥ខែឧសភា សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូងក៏បានផ្សាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើចិនជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសនេះ។ នៅពេលនេះគេមិនទាន់ដឹងថា កូរ៉េខាងជើងស្នើចិនឱ្យជួយអ្វីខ្លះនោះឡើយក្នុងសង្គ្រាមទប់ស្កាត់កូវីដ-១៩។
ចំណែករដ្ឋាភិបាលទីក្រុងសេអ៊ូលវិញ បានប្រកាសថា នឹងប្រឹងប្រែងជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងកូវីដ-១៩ ឱ្យអស់ពីសមត្ថភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថាប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយកូរ៉េខាងជើងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល COVID-19 ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។
លោក យូន ស៊ុក យុល បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅឯសម័យប្រជុំសភាពេញអង្គនៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើងស្នើសុំជំនួយពីពួកយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការ COVID-19, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ»។
នៅក្នុងសុន្ទរកថាខាងលើដដែល លោក យូន ក៏បានសង្កត់ធ្ងន់ដែរថាលោកនឹងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែចង្វាក់ផ្គត់ផ្គង់សកលនៅក្រោមផែនការសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ខណៈ ដែលលោក ចូ បៃឌិនគ្រោងនឹងបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងនៅក្នុងសប្ដាហ៍នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ YONHAP

រូប​ថត​ ៖​ REUTERS


ចែករំលែក៖