ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នៅល្ងាចនេះបានថ្លែងថា, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២២ ។
លោកបានបន្តថា, ក្នុងទិវាដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេង ដែលបុព្វបុរសជំនាន់មុន រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ បានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ មិនគិតពីសេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខមាតុភូមិ ។ សកម្មភាពប្រកបដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីមនសិការស្នេហាជាតិ ដែលគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាមេរៀន ជាបទពិសោធន៍ បន្សល់ទុកឲ្យកងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយ បន្តយកទៅរៀនសូត្រ និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាព និងសមត្ថភាពផ្ទាល់ខ្លួន ។
លោក ស សុខា លើកឡើងថា, ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរចំពោះវីរភាព និងការលះបង់យ៉ាងធំធេងប្រកបដោយស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ រៀមច្បងគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ សមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា