ភ្នំពេញ ៖ «ជាច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីក្រុងពាលី ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក តឹករ៉េត សំរេច លោក លូ គឹមឈន់ ព្រមទាំង លោក លោកស្រី ជាក្រុមកាងារ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាកបាតក្រហមកម្ពុជា យុវជនកាយាឫទិ្ធ សិស្សានុសិស្សនៃសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព យ៉ាងច្រើនកុះករ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បណ្ណាល័យជាកន្លែងបង្កើតឱកាសសម្រាប់សិស្ស និស្សិត ធ្វើការសិក្សា ស្រាវជ្រាវ និងជួយបង្កើតគំនិត និងទស្សនៈថ្មីៗ ដែលជាចំណុចស្នូលនៃសង្គម ប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្ម។
បណ្ណាល័យដែលជាចំណងដៃថ្មីសម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព មានបណ្តោយ២៥ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២ជាន់ ហើយនឹងត្រូវចំណាយពេលសាងសង់ជាង៥ខែ ក្រោមការឧបត្ថម្ភកសាងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ ក្រសួងអប់រំ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
ដោយ ៖ សុខ ខេមរា