ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឱ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរមុននឹងហូរចូលទៅដងទន្លេសាប។

    ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោកបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក ហ្សាក់ បុឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើន ពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែង។

     ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះលោកស្នើសុំឱ្យបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះបីជួយជាកម្ចីឬក៏ជាជំនួយឥតសំណងក្តី។

  បន្ថែមពីលើនេះផងដែរលោក ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។

    លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ នឹងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើ ស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការ។

      លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់របបប៉ុលពត យើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

     លោកហ្សាក់ បុឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ដាច់ស្រឡះតែម្តង។ 

   លោកទូតបន្តថា៖ ប្រទេសកម្ពុជាគឺពិតជាមានការមមាញឹកខ្លាំងចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះលោក ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខនិងសណ្តាប់ធ្នាប់ឱ្យ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញដែលត្រូវបោះឆ្នោតផង។

   លោកហ្សាក់ បុឺឡេ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ ឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះលោកបានលើកឡើងពីគម្រោងសិក្សាកសាងនូវរទេះភ្លើងល្បឿន លឿននៅភ្នំពេញផងដែរ ក្រោយពីសិក្សារួចរយៈពេល១០ឆ្នាំហើយ៕

ដោយ ៖ សំរិត


ចែករំលែក៖