ក្លិបបិសាចក្រហម Man United កំពុងលួចចរចាលើកិច្ចព្រមព្រៀងស្ងាត់មុនគូប្រជែង AC Milan ក្នុងការនាំយកខ្សែការពារ Sven Botman ពីក្លិបបារាំង Lille។ ក្លិបយក្សអុីតាលី AC Milan កំពុងពិភាក្សាក្នុងកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែការពារវ័យ២២ឆ្នាំរូបនេះដែរក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល២៥លានផោន។
ឥឡូវនេះប្រភពមួយរបស់ក្លិបបិសាចក្រហម Man United ត្រូវបានសារព័ត៌មាន Football Insider យកមកចុះផ្សាយថា ក្លិបកំពុងស្វែងរកការផ្លាស់ប្តូរសម្រាប់ Botman ក្នុងបរិមាណដ៏គួរឱ្យចាប់អារម្មណ៍មួយ។
អ្នកចាត់ការថ្មីលោក Erik ten Hag បានរៀបចំកិច្ចប្រជុំកំពូលផ្ទេរមួយជាមួយនាយកកីឡាបាល់ទាត់លោក John Murtough ជំនួយការយូររបស់ក្លិប Ajax លោក Mitchell van der Gaag និង Steve McClaren នៅទីក្រុង Amsterdam កាលពីសប្តាហ៍មុនដើម្បីពិភាក្សាអំពីគោលដៅផ្ទេរសក្តានុពល។
កីឡាករ Botman ត្រូវបានគេយល់ថា បានចូលមកក្នុងកិច្ចពិភាក្សាទាំងនោះ ហើយវាត្រូវបានគេយល់ស្របថា កិច្ចពិភាក្សាបឋមនឹងកើតឡើង។ Man United កំពុងស្ថិតក្នុងទីផ្សារសម្រាប់ការពង្រឹងតំបន់ការពារកណ្តាល ហើយលោក Ten Hag ត្រូវបានគេយល់ថាជាអ្នកកោតសរសើរខ្សែការពារកណ្តាលរូបនេះ ។
ខ្សែការពារ Botman កំពុងលេងក្នុងទម្រង់ជាខ្សែការពារកណ្តាលខាងឆ្វេងដែលលោក Ten Hag មានបំណងពង្រឹងក្រុមរបស់គាត់ ហើយស្ថិតក្នុងចំណោមខ្សែការពារមួយចំនួនដែលត្រូវបានត្រួតពិនិត្យនៅមុនរដូវក្តៅ។ ខ្សែការពារហូឡង់រូបនេះធ្លាប់លេងនៅក្លិប Ajax មុនពេលចូលរួមជាមួយ Lille នៅរដូវក្តៅឆ្នាំ២០២០។
Botman កំពុងបង្ហាញទម្រង់លេងល្អនៅ Lille ហើយក៏ចាប់អារម្មណ៍ក្នុង Champions League ដែរ។ ក្លិប Newcastle ក៏បានព្យាយាមចុះហត្ថលេខាលើ Botman ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាដែរ ហើយពួកគេនៅតែចាប់អារម្មណ៍លើគាត់នៅរដូវក្តៅនេះ។
តារាបាល់ទាត់ជម្រើសជាតិហូឡង់អាយុក្រោម២១ឆ្នាំរូបនេះកំពុងស្ថិតក្រោមកិច្ចសន្យានៅ Stade Pierre-Mauroy រហូតដល់ឆ្នាំ២០២៥។ គាត់បានបង្ហាញខ្លួនចំនួន៧៨លើកសម្រាប់ Lille ដែលក្នុងនោះមាន៣១លើកក្នុងរដូវកាលនេះ។ ក្រុម Lille ម្ចាស់ជើងឯក Ligue 1 រដូវកាលមុនបានឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីគទាំង១២ដែលគាត់បានខកខានដោយសាររបួសនៅរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Football Insider)