ខេត្តរតនគិរី៖ អាងទំនប់ស្តុកទឹកទុករបស់ក្រុមហ៊ុនចម្ការចេកហ័ងអាញ់របស់ វៀតណាមដោយសារការធ្វេសប្រហែស មិនប្រយ័ត្នបណ្ដាលឱ្យបាក់ជន់លិចផ្ទះប្រជាពលរដ្ជជាង១០០ខ្នងខូចខាតយ៉ាងធ្ងន់ធ្ងររួមទាំងទ្រព្យសម្បត្តិផងដែរ។
ហេតុការណ៍បាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុនចម្ការចេកជន់លិចផ្ទះប្រជាពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមប្រភពពីអាជ្ញាធរស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ដោយសារនៅក្រុមហ៊ុនហ័ងអាញ់របស់វៀតណាមនោះមានទំនប់អាងស្តុកទឹកសម្រាប់ស្រោចស្រពដំណាំចេក ហើយស្របពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាច្រើនមេធំៗជាប់ៗគ្នាទាំងយប់ទាំងថ្ងៃនោះក៏បង្កឱ្យមានជំនន់ទឹកភ្លៀងឡើងខ្លាំងបណ្តាលឱ្យបាក់ហូរលិចផ្ទះប្រជាពលរដ្ឋតែម្តង ហើយផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកបាក់ទំនប់ជន់លិចនោះស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
ទោះបីមានទឹកជន់លិចជម្រករស់នៅរបស់ប្រជាពលរដ្ឋនោះក៏ពិតមែន ប៉ុន្តែពុំបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វពាហនៈនោះទេ គឺគ្រាន់តែប៉ះពាល់ដល់ទ្រព្យសម្បត្តិតិចតួចប៉ុណ្ណោះព្រោះទឹកដែលជន់លិចនោះមានរយៈពេលខ្លីត្រឹមតែ៣ទៅ៤ម៉ោងក៏ស្រកទៅវិញអស់។
តាមប្រភពពីប្រជាពលរដ្ឋថា ទឹកជំនន់ដែលធ្វើឱ្យលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនោះគឺមិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ គឺវាហូរធ្លាក់មកយ៉ាងគំហុកតែម្តង ដោយសារតែជាការបាក់ទំនប់របស់ក្រុមហ៊ុនចម្ការចេកនោះ ក៏ដោយសារតែក្រុមហ៊ុនបានស្តុកទឹកទុកមានការធ្វេសប្រហែសមិនមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់ខ្លាំងទៅហើយនោះមិនមានការរំដោះទឹកក្នុងអាងស្តុកឱ្យទាន់ពេលវេលា។
ហេតុការណ៍ទាំងនោះក៏ដោយសារមេឃមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះជាប់ៗគ្នា ទើបទឹកបុកបាក់ទំនប់ ជាហេតុធ្វើឱ្យទឹកហូរគំហុកមកលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតែម្តង។
ប្រភពពីអាជ្ញាធរស្រុកកូនមុំថាត្រឹមតែ៣ទៅ៤ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ ហើយប្រជាពលរដ្ឋអត់មានប៉ះពាល់អ្វីនោះទេ ព្រោះអាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះធ្វើអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា មិនឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់ឡើយ គ្រាន់តែខូចខាតផ្ទះសម្បែងជាង១០០ផ្ទះ និងសម្ភារមួយចំនួនប៉ុណ្ណោះ។
ជុំវិញករណីនេះអាជ្ញាធរនិងកម្លាំងជំនាញកំពុងធ្វើការស្រង់ស្ថិតិឱ្យបានជាក់លាក់ និងស្នើសុំទៅខាងកាកបាទក្រហមជួយជាជំនួយដល់ពួកគាត់ និងពិភាក្សាជាមួយក្រុមហ៊ុនដើម្បីឱ្យខាងក្រុមហ៊ុនជួយពួកគាត់រកទីទួលមានសុវត្ថិភាពដើម្បីសាងសង់លំនៅឋានជូនពួកគាត់បណ្តោះអាសន្នសិនផងដែរ៕
ដោយ ៖ ជីវ័ន្ត