ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៣៣០ និង៣២៨ ឃ.ខ/២២ ចុះថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ ពីបទៈ កំហែងយក និងសមគំនិតក្នុងអំពើកំហែងយក ប្រព្រឹត្តនៅចំណុចខ្នងចែង ស្ថិតនៅភូមិក្រេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ។
យោងរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ជនត្រូវបានតុលាការឃុំខ្លួនទី១. ឈ្មោះ ផែន សុផន ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិយាយឡ ឃុំ.ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ ជាមន្រ្តីអង្គការអង្គភាព(អង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ)មានតួនាទីជា(អគ្គនាយករងទី២ ទទួលបន្ទុករដ្ឋបាល)បច្ចុប្បន្ន មកបំពេញបេសកកម្មនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២. ឈ្មោះ ភិន ម៉េន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាមន្រ្តីអង្គការអង្គភាពជាមួយគ្នា ហើយមន្ត្រីអង្គការត្រូវបានឃុំខ្លួនទាំង២នាក់ សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ខៀវ សារិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទៈ បង្កើតកុងត្រូលជជុះដើម្បីទារលុយពីជនប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ។
ខ្លឹមសារបណ្ដឹងរបស់ឈ្មោះ ខៀវ សារិទ្ធ ដែលបានប្ដឹងក្រុមការងារខ្លួនឯងនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជនជាប់ចោទ(ផែន សុផន និងភិន ម៉េន)បានជ្រើសរើសបុគ្គលិកបំរើការងារឲ្យអង្គភាព(អង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ)ដោយតម្រូវឲ្យបង់លុយក្នុងម្នាក់ៗចំនួន១០០ដុល្លារអាមេរិក បុគ្គលិកជ្រើសតាំង ទី១. ឈ្មោះ ខៀវ សារិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជា(ម្ចាស់បណ្ដឹង)មានតួនាទី ប្រធានស្នាក់ការប្រចាំខេត្តពោធិ៍សាត់ ទី២. ឈ្មោះ ញ៉ែម ទ្រី ភេទប្រុស អាយុ ៦៥ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៣ ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៤ ឈ្មោះ វ៉ា ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៥ ឈ្មោះ គុយ វឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រចាំការស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី៦ ឈ្មោះ ដាំ ពន់ថន ភេទប្រុស អាយុ ៣៣ឆ្នាំ ប្រចាំការស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ពាក្យបណ្ដឹងរបស់ឈ្មោះ ខៀវ សារិទ្ធ ប្ដឹងក្រុមការងារខ្លួនឯងនេះបន្តទៀតថា កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗ ឈ្មោះ ផែន សុផន និងឈ្មោះ ភិន ម៉េន បានហៅឈ្មោះ ឈឹម សុផាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ(អង្គភាពជាគ្នា)ឲ្យទៅជួបពួកខ្លួននៅចំណុចខ្នងចែងចម្ការ(ភិន ម៉េន)ខណៈបានបញ្ឈប់ការងារ(ឈឹម សុផាត)ដោយដកឯកសណ្ឋានការងារអស់ និងបានប្រាប់ថា បើចង់បន្តការងារបង់លុយ១០០ដុល្លារអាមេរិកទៀត(ផែន សុផន និង ភិន ម៉េន)បានចេញទៅចងអង្រឹងដេកនៅចំណុចខ្នងចែង ដើម្បីចាំជម្រិតទារលុយពីអ្នកបររទេះដឹកឈើ ដោយក្នុង១រទេះតម្រូវឲ្យបង់លុយចាប់ពី១.០០០០រៀលទៅ២.០០០រៀល ។
របាយការណ៍នគរបាលដដែល បើយោងតាមបណ្ដឹងឈ្មោះ ខៀវ សារិទ្ធ នៅថ្ងៃទី១៧ ខែឆ្នាំដដែល(ផែន សុផន និង ភិន ម៉េន)បានបន្តជ្រើសរើសបុគ្គលិកបានចំនួន៤រូបទៀត ទី-១ ឈ្មោះ ឃាន ជីវ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ទី-២ ឈ្មោះ អ៊ុល សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទី-៣ ឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងទី-៤ ឈ្មោះ អ៊ុល ខាន់ឈិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកត្រូវបានជ្រើសតាំង មានទីលំនៅ ភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយម្នាក់តំរ៉ូវឲ្យបង់លុយចំនួន១០០ដុល្លារអាមេរិក ។ បុគ្គលិកថ្មីទាំងចំនួន៤នាក់ តំរ៉ូវឲ្យទៅឈរជើងនៅតំបន់ខ្នងចែង ស្ថិតនៅភូមិក្រេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីធ្វើសកម្មភាពជម្រិតទារលុយពីអ្នកបររទេះដឹកឈើ ។
ករណីតុលាការឃុំខ្លួនមន្រ្តីអង្គការបរិស្ថាន២នាក់ ពីបទៈ កំហែងយក និងសមគំនិតក្នុងអំពើកំហែងយក បើយោងរបាយការណ៍នគរបាល និងខ្លឹមសារបណ្ដឹងរបស់ ឈ្មោះ ខៀវ សារិទ្ធ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីមន្ត្រីអង្គភាព(អង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ)ប្រព្រឹត្តអំពើពុករលួយ ឈានដល់តុលាការឃុំខ្លួន មន្ត្រីអង្គភាពមួយនេះ មតិមហាជនសំណូមពរដល់សមត្ថកិច្ចខេត្តពោធិ៍សាត់ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរស្រាវជ្រាវឲ្យខានតែបាន ៕
ដោយ៖ ប៉ឹម ពិន