ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង៖ ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈរួចរាល់សម្រាប់សាកល្បងអាវុធបរមាណូ

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការធ្វើតេស្តគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីលអន្តរទ្វីប។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងជើងបានត្រៀមលក្ខណៈ សម្រាប់ការសាកល្បងអាវុធដែលមានកម្លាំងខ្លាំងបំផុត ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាប្រចាំ អ្នកនាំពាក្យអគ្គបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូងលោក Kim Jun-rak បានលើកឡើងថា «យើងជឿជាក់ថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងអាវុធបរមាណូ និងមីស៊ីលរួចរាល់ហើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩នៅកូរ៉េខាងជើង នៅថ្ងៃទី២៤ខែឧសភានេះមិនមានការស្លាបនៅក្នុងចំណោមអ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្តៅ នៅក្នុងប្រទេសនោះទេ ដែលជាលើកដំបូងគិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 រយៈពេលជិត២សប្តាហ៍កន្លងមកនេះ ហើយខ្លួនក៏កំពុងសង្កេតឃើញ ទំនោរថមថយគួរឱ្យកត់សម្គាល់ផងដែរ ក្នុងករណីពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ។
ករណីឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបន្តនៅកូរ៉េខាងជើង បានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាខ្វះខាតវ៉ាក់សាំង ធនធានវេជ្ជសាស្ត្រ ក៏ដូចជាវិបត្តិស្បៀងអាហារថែមទៀតផងនៅក្នុងប្រទេសដែលមានប្រជាជនជាង២៥លាននាក់មួយនេះ។
ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរាយការណ៍ពី «ភាពជោគជ័យ» ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ហើយថា មិនមានការស្លាប់ថ្មីៗក្នុងចំណោមអ្នកជំងឺ ដែលមានរោគសញ្ញាគ្រុនក្តៅនោះទេ គិតត្រឹមល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ បើទោះបីជាមានមនុស្សចំនួន ១៣៤,៥១០នាក់បន្ថែមទៀតបានចេញរោគសញ្ញាគ្រុនក្ដៅក៏ដោយ ដែលនាំឱ្យចំនួនអ្នកមានរោគសញ្ញាគ្រុនក្ដៅសរុបកើនឡើងដល់ជាង ២.៩៥លាននាក់ ខណៈចំនួនអ្នកស្លាប់សរុបស្ថិតនៅក្នុងចំនួន៦៨នាក់ដដែល។
ទោះជាយ៉ាងណា កូរ៉េខាងជើងបានកត់សម្គាល់ពីការធ្លាក់ចុះនៃចំនួនអ្នកជំងឺដែលចេញរោគសញ្ញាគ្រុនក្ដៅក្រោម ២០០,០០០នាក់រយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ ហើយជាលើកដំបូងសម្រាប់កូរ៉េខាងជើងក្នុងការរាយការណ៍ថា មិនមានការស្លាប់ថ្មីៗទាក់ទងនឹងករណីជំងឺ COVID-19៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖