ខេត្តកំពង់ឆ្នាំង ៖ ពលរដ្ឋនៅភូមិស្នោ ឃុំខុនរ៉ង បាននាំគ្នារត់ផ្អើលពេញភូមិ បន្ទាប់ពីមានសត្វឆ្កែចចកព្រៃមួយក្បាល បានចេញពីក្នុងព្រៃមកដេញខាំបង្កឱ្យរងរបួសជាបន្តបន្ទាប់។ ហេតុការណ៍ដ៍កម្រមួយនេះបានកើតឡើងកាលពីវេលាម៉ោង ម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូលដែលពួកគាត់បានដាក់ នៅចុងភូមិស្នោ ពេលនោះស្រាប់តែមានសត្វឆ្កែចចកព្រៃមួយក្បាលសម្បុរ សលឿងបានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើននាក់ ព្រមទាំងរត់ចូលភូមិដេញខាំអ្នកស្រុកជាបន្តបន្ទាប់ បណ្ដាលឱ្យរងរបួសប្រជាពលរដ្ឋពី៦ទៅ ៧នាក់។
ប្រភពដដែលបានបន្តថា នៅក្នុងភូមិស្នោ ឃុំខុនរ៉ង មិនមែនជាភូមិមានព្រៃក្រាស់ប៉ុន្មានទេ គឺគ្រាន់តែជាព្រៃរបោះ និងមានគុម្ពឫស្សីព្រៃនៅជាប់ជើងភូមិច្រើនតែប៉ុណ្ណោះ ដោយគេមិនដឹងថាចចកព្រៃមួយក្បាលនេះចេញពីកំហែងណាមកទេ ។ ចំពោះប្រជាពលរដ្ឋដែលរងរបួសបានទៅព្យាបាលដោយខ្លួនឯងនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌។
សូមបញ្ជាក់ថា មិនមានអ្នករងរបួសធ្ងន់ក្នុងហេតុការណ៍ខាងលើនេះទេ ប៉ុន្តែអ្វីដែលចម្លែកនោះគឺនេះជាលើកទីមួយហើយដែលមានចចកព្រៃចេញមកខាំប្រជាពលរដ្ឋបែបនេះ ។ ក្រោយពីដេញខាំប្រជាពលរដ្ឋឱ្យរងរបួសហើយ សត្វចចកនេះត្រូវបានប្រជាពលរដ្ឋព័ទ្ធដេញវាយសម្លាប់សត្វឆ្កែចចកនេះវិញដែរ ៕
ដោយ ៖ ចន្ថា