ប្រធានាធិបតីពូទីន បានទៅកាន់មន្ទីរពេទ្យយោធា Mandryk នៅទីក្រុងមូស្គូ ដើម្បីសួរសុខទុក្ខទាហានដែលរងរបួសនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន។
សារព័ត៌មានRT បានផ្សាយថា ប្រធានាធិបតីពូទីន និងរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu នៅថ្ងៃទី២៥ ខែឧសភា បានទៅសួរសុខទុក្ខទាហានរងបួសក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន។ ក្នុងពេលទៅកាន់មន្ទីរពេទ្យយោធាក្នុងទីក្រុងមូស្កូ លោកពូទីនបាននិយាយថា ទាហានដែលទៅចូលរួមសង្គ្រាមនៅក្រៅប្រទេសក៏ដូចជាគ្រួសារទាហានដែលពលីជីវិត នឹងទទួលបានការសងសំណង។
សារព័ត៌មាន Moscow Times បានផ្សាយថា នេះជាលើកដំបូង ដែលប្រធានាធិបតីពូទីន ទៅសួរសុខទុក្ខទាហានរបួស ។ កាលពីចុងខែមីនា រុស្ស៊ីបានប្រកាសថាមានទាហានស្លាប់១២៥១នាក់ និងរបួស ៣៨២៥នាក់ នៅក្នុងសមរភូមិអ៊ុយក្រែន ។ ចាប់តាំងពីពេលនោះមករុស្ស៊ីមិនបានប្រកាសពីតួលេខ ស្លាប់និងរបួសនោះឡើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ដោយពេលវេលាអនុញ្ញាតប្រធានាធិបតីបានទៅសួរសុខទុក្ខទាហានរងរបួសដោយផ្ទាល់។ ជាមួយគ្នានេះដែរ ប្រធានាធិបតីពូទីន បានសន្យា តាមដានរាល់ការផ្តល់ជំនួយដល់គ្រួសារទាហានដែលពលីជីវិតក្នុងសង្គ្រាម៕ ដោយ៖ ធីរីណា
រូបថត ៖ Sputnik