ភ្នំពេញ៖ តាមរយៈសារពិសេសថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង។ សម្តេចតេជោ ហ៊ុន សែន បន្តថា ដើម្បីការពារផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់៣,តំបន់២ និងតំបន់១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រងដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់តំបន់ហាមឃាត់ព្រៃលិចទឹកដោយខុសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការស្រាវជ្រាវជាក់ស្តែងលើការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយកាត់ចេញក្បាលដីជាច្រើនហិកតាពីតំបន់៣ មកកាន់តំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ,បន្ទាយមានជ័យ និងពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋអាស្រ័យផល។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោការណ៍ចំនួន៣ ក្នុងនោះរួមមាន៖
១/ ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម
២/ ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផលដើម្បីការពារតំបន់ព្រៃលិចទឹក
៣/ អាជ្ញាធរបឹងទន្លេសាបត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តទាំង៦ជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ដែលត្រូវបូមស្តារតំបន់ដែលមានការគោករាក់។
សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅជាច្រើនឆ្នាំមកហើយនៅតំបន់នោះ៕
ដោយ ៖ សិលា