ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននិងគណបក្ស២ទៀត ចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ថ្ងៃនេះបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀននិងគណបក្ស២ផ្សេងទៀតដែលមានចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ បានសម្រេចសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពួកគាត់អស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សរបស់ខ្លួន ហើយយល់ថាមិនមានគណបក្សនយោបាយណាមួយល្អជាងគណបក្សប្រជាជនកម្ពុជានោះ។

  ពិធីប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ឧសភានេះ នៅទីស្នាក់ការគណបក្សប្រជាជន​រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ។

  សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាសបញ្ចូលនេះ មានចំនួន១៩៣រូបមកពីគណបក្សចំនួន៣ ក្នុងនោះរួមមាន៖ បេក្ខជនពេញសិទ្ធិ និងបម្រុង មកពីគណបក្ស ភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ៦១រូប និងសកម្មជនមកពីគណបក្សទាំង៣ មានចំនួន ១៣២នាក់ សរុប ១៩៣នាក់។ ក្នុងនោះមកពី ខណ្ឌដូនពេញ ៧៣នាក់, ខណ្ឌច្បារអំពៅ ចំនួន ៣៨នាក់, ខណ្ឌបឹងកេងកង ចំនួន ១១នាក់, ខណ្ឌ ៧ មករា ចំនួន ៤នាក់,ខណ្ឌមានជ័យ ចំនួន ៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៤៣នាក់,ខណ្ឌជ្រោយចង្វា ចំនួន ១៨នាក់,ខណ្ឌកំបូល ចំនួន៣នាក់ ។

  លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា៖ បងប្អូនទាំង១៩៣នាក់ ដែលបានសម្រេចសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយសារបងប្អូនអស់ជំនឿលើគណបក្សនយោបាយរបស់ខ្លួន។ នេះជាការសម្រេចដ៏ត្រឹមត្រូវរបស់បងប្អូន ហើយបងប្អូននឹងក្លាយ ជាសមាជិក សមាជិកា ស្មើមុខ ស្មើមាត់ជាមួយសមាជិក សមាជិកាចាស់។ 

   លោក ឃួង ស្រេង បានបន្តទៀតថា ៖  មកដល់ពេលនេះ មិនទាន់មានគណបក្សណាមួយ មានគុណបំណាច់ មានសមត្ថភាពនិងគុណសម្បត្តិគ្រប់គ្រាន់ជំនួសគណបក្សប្រជាជនកម្ពុជាបានទេ ។ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គណបក្សភ្លើងទៀនបាននាំគ្នាប្រកាសកាត់ស្លាក ដោះសម្លៀកបំពាក់គណបក្សរបស់ខ្លួនបោះចោល ហើយបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកសូមឱ្យសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមជាមួយគ្នា ដើរជាមួយគ្នា ដើម្បីឱ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងទៅមុខបន្ថែមទៀត។

   តំណាងសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសម្រេចចិត្តចាកចេញ ហើយសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿ និងបាត់បង់ទំនុកចិត្តលើគណបក្សរបស់ខ្លួន ហើយគិតថា មិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។

    សូមរំលឹកថា នេះមិនមែនជាលើកទី១នោះទេ ដែលបេក្ខជនឈរឈ្មោះ និងសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សផ្សេងទៀត ចាកចេញពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បើទោះបីយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត បាននិងកំពុងតែដំណើរការយ៉ាងណាក្ដី៕

ដោយ ៖ សំរិត


ចែករំលែក៖