ខេត្តត្បូងឃ្មុំ ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២នេះថា៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារចុះមូលដ្ឋាន និងគណបក្សមូលដ្ឋាន បេក្ខជនក្រុមប្រឹក្សាឃុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិមួយចំនួន នៅក្នុងឃុំចក ទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំកាលពីថ្ងៃអាទិត្យទី២៩ ខែឧសភាម្សិលមិញនេះ។
ក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត បានលើកឡើង ថាគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់បទពិសោធន៍ជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយ មានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត ក្នុងការចូលរួមបម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងមានជីវភាពល្អប្រសើរ។
ប្រធានក្រុមការងារ បានបន្ថែមថា កន្លងមកអ្នកស្រុកអូររាំងឪផ្ទាល់ បានមានការយល់ដឹងច្បាស់ពីសមិទ្ធិផលជាប្រវត្តិសាស្រ្តនៃគណបក្សប្រជាជនកម្ពុជាបាននាំជូនជាតិនិងប្រជាជនកម្ពុជា ជាពិសេសបានស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ លោក អ៊ាង សុផល្លែត បានសំណូមពរដល់ប្រជាពលរដ្ឋបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត៕
ដោយ៖សហការី