ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានសេចក្តីតក់ស្លុត រន្ធត់ឥតឧបមា និងមានការអាណិតអាសូរក្រៃលែង ដោយទទួលបានដំណឹងមនុស្សឃាតយ៉ាងព្រៃផ្សៃប្រព្រឹត្តិដោយជន សង្ស័យឈ្មោះ បួន យុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរនៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានសម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុតចំពោះកុមារី សារីន ភ័ត្រា ភេទស្រី អាយុ១៤ឆ្នាំ ជាជនពិការភ្នែកម្ខាង និងជើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ក្នុងនាមលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ យើងសូមថ្កោលទោស យ៉ាងដាច់អហង្ការ និងមិនអាចទទួលយកបានជាដាច់ខាតចំពោះការធ្វើឃាតដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌ដែលបង្កឡើងដោយជនសង្ស័យខាងលើនេះ ហើយសូមកោតសរសើរនិងថ្លែង អំណរគុណដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំពោះចំណាត់ការតាមផ្លូវច្បាប់បានទាន់ពេលវេលា អំពើដ៏ សាហាវនេះគឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកុមារ និងសិទ្ធិជនមានពិការភាព ជាពិសេសសិទ្ធិរស់រាន មានជីវិត និងសិទ្ធិទទួលបាននូវការការពារ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងអនុសញ្ញាស្តីពីសិទ្ធិជន មានពិការភាព។
ពាក់ព័ន្ធនឹងអំពើមនុស្សឃាតដ៏យង់ឃ្នង យ៉ាងព្រៃផ្សៃ និងអមនុស្សធម៌នេះ អ.ក.ស.ជ ដែលជា ស្ថាប័នសម្របសម្រួលការងារវិស័យពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវ និងទទូចដល់ សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែល មានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនជាឃាតករក្នុងករណីនេះ ដើម្បីកុំឱ្យអំពើដ៏ យង់ឃ្នង ព្រៃផ្សៃ និងអមនុស្សធម៌បែបនេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕
ដោយ ៖ សហការី