ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសាកសព១៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

ចែករំលែក៖

ក្រុមជួយសង្គ្រោះនៅថ្ងៃទី៣០ ខែឧសភា បានប្រកាសថា បានរកឃើញសាកសពមនុស្ស១៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air ដឹកអ្នកដំណើរ២២នាក់ រួមទាំងអាកាសយានិក។
អ្នកនាំពាក្យនាយកដ្ឋានអាកាសចរណ៍ស៊ីវិលនេប៉ាល់ លោក Deo Chandra Lal Karn បានឱ្យដឹងថា កម្លាំងជួយសង្គ្រោះកំពុងតែស្វែងរកសាកសពជនរងគ្រោះផ្សេងទៀត បើទោះបីអាកាសធាតុអាក្រក់ក្តី។
ពេលថ្មីៗនេះកងទ័ពនៃប្រទេសនេប៉ាល់ បាននិយាយនៅថ្ងៃទី៣០ខែឧសភាថា បានរកឃើញទីតាំងនៃយន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ដែលបានធ្លាក់ក្នុងអំឡុងពេលមានអាកាសធាតុមិនល្អដោយមានពពកច្រើនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនោះហើយ។
អ្នកនាំពាក្យនៃកងទ័ពនេប៉ាល់ លោក Narayan Silwal បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រុមស្វែងរកនិងជួយសង្រ្គោះកំណត់បានទីតាំងធ្លាក់យន្តហោះនោះហើយ»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញរូបភាពនៃបំណែកយន្តហោះដោយផ្នែកខ្លះ បានធ្លាក់រាយប៉ាយនៅជម្រាលភ្នំផងដែរ តែមិនបានបញ្ជាក់ពីជោគវាសនារបស់មនុស្សដែលជិះយន្ដហោះខាងលើនោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ និងមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air មានដឹកអ្នកទេសចរជនជាតិឥណ្ឌាចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ បានចេញពីទីក្រុង ប៉ូការ៉ា(Pokhara)មានចម្ងាយ១២៥គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានីកាថ្មាន់ឌូ(Kathmandu) ហើយក្រោយពេលហោះហើររយៈពេល២០នាទីក៏បានបាត់ទំនាក់ទំនង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters/TTXVN

រូប​ថត​ ៖ aninews

 


ចែករំលែក៖