កាលពីថ្ងៃទី៣១ ខែឧសភា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសនៅជុំវិញពិភពលោក ដោយមានពលរដ្ឋ៥៥០នាក់ឆ្លងជំងឺនេះ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុកជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា «បច្ចុប្បន្ន យើងទទួលបានតួលេខស្តីពីករណីឆ្លង ៥៥០នាក់ ស្ថិតនៅក្នុង៣០ប្រទេសជុំវិញពិភពលោក ។
លោកស្រី Rosamund Lewis បានបញ្ជាក់ថា ជំងឺអុតស្វាកំពុងតែផ្ទុះឡើងនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោកក្នុងរយៈពេលខ្លី។ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ចំនួនអ្នកឆ្លងបានកើនឡើងដល់៥៥០នាក់។ ជំងឺនេះបានឆ្លងរាលដាលនៅខាងក្រៅទ្វីបអាហ្វ្រិក។ នៅពេលនេះអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសថា តើត្រូវប្រកាសអាសន្ន ដូចជំងឺកូវីដ-១៩ ឬជំងឺអេប៊ូឡាដែរឬទេ។ ទន្ទឹមនឹងនោះអង្គការសុខភាពពិភពលោកនឹងស្រាវជ្រាវក៏ដូចជាផ្តល់ជំនួយក្នុងការទប់ស្កាត់។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅក្នុងទ្វីបអាហ្វ្រិកបានឱ្យដឹងថា មាន៧ប្រទេសក្នុងទ្វីបអាហ្វ្រិករកឃើញករណីកើតអុតស្វាចំនួន៤៤នាក់ និងសង្ស័យឆ្លងជិត១៤០០នាក់ ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters/TTXVN