ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាកំពុងដើរតាមភ្លឺស្រែជាមួយបងស្រីត្រឡប់មកពីព្រួសស្រូវ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ។
គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២ និង៣០នាទី រសៀលថ្ងៃសុក្រ ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភ្លឺស្រែខាងក្រោយភូមិ ស្ថិតនៅភូមិទួលខ្មែរ ឃុំស្នាព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចស្រុកបាកានបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សេង សុខា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានពីអាជ្ញាធរដដែលបន្តទៀតថា មុនកើតហេតុផ្ទៃមេឃប្រែពណ៌ខ្មៅ មានភ្លៀងរលឹមលាយឡំទៅដោយខ្យល់ ផ្គរ ផ្លេកបន្ទោល ក៏ស្រាប់តែរន្ទះបាញ់ចំស្រ្តីរងគ្រោះ ខណៈកំពុងដើរលើភ្លឺស្រែជាមួយបងស្រី ត្រឡប់មកពីស្រែព្រួសស្រូវខ្លួនឯង បណ្ដាលឲ្យដួលស្លាប់ភ្លាមយ៉ាងសង្វេគ ។
ប្រភពបញ្ជាក់ទៀតថា ករណីគ្រោះធម្មជាតិរន្ទះបាញ់នេះ ស្ថាប័នមានសមត្ថកិច្ចជំនាញ សហការគ្នាចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន