ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក៖ កោតសរសើរ​សម្តេចតេជោ​ ហ៊ុន​ សែន​ ពីប្រវត្តិតស៊ូដើម្បីជាតិ​ នាំឱ្យមានការស្ញប់ស្ញែងជាខ្លាំងលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) លោក យុន យ៉ុង ហូ (Yun Young Ho) ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជាតិមាតុភូមិ និងប្រជាជន ដែលបានផ្សព្វផ្សាយពេលអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់នោះ នាំឱ្យមានការស្ញប់ស្ញែងជាខ្លាំងនៅលើពិភពលោក។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន​ សែន​ បានដកស្រង់សម្តីលោក យុន យ៉ុង ហូ មកបញ្ជាក់ដូច្នេះ «ប្រវត្តិរូបដែលបានផ្សព្វផ្សាយពេលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ នាំឱ្យមានការស្ញប់ស្ញែងខ្លាំងនៅទូទាំងពិភពលោក។ តាមរយៈប្រវត្តិរូបនោះ បានបង្ហាញថា សម្តេចតេជោ បានតស៊ូ និងជម្នះបញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម នាំមកជូនប្រជាជននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ»។

នៅក្នុងជំនួបនេះ លោក យុន យ៉ុង ហូ ក៏បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈរៀបចំឱ្យមានការបោះឆ្នោតយ៉ាងទៀងទាត់។

អគ្គនាយកអង្គការ UPF ក៏បានថ្លែងកោតសរសើរសម្តេចតេជោ លើការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតបញ្ចៀសការរាតត្បាតមេរោគនេះបានឆាប់រហ័ស។

ឆ្លៀតក្នុងជំនួបនេះ លោកអគ្គនាយកអង្គការ UPF បានស្នើសុំនូវការផ្តល់ទស្សនទានមួយចំនួន ដើម្បីធ្វើឱ្យ UPF បានចូលរួមកាន់តែសំខាន់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាសន្តិភាពនៅលើពិភពលោក។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកអគ្គនាយកអង្គការ UPF ដែលទទួលយកការអញ្ជើញចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា។

ពាក់ព័ន្ធអង្គការ UPF វិញ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទស្សនទានថា អង្គកានេះគប្បីមានការជួបជុំជាមួយឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃនៃអង្គការផ្សេងៗលើបញ្ហាសន្តិភាពនេះ។ បន្ថែមពីលើនោះ កិច្ចពិភាក្សាលើបញ្ហាសន្តិភាពនេះ មិនត្រូវផ្តោតសំខាន់តែនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទេ តែសម្រាប់ពិភពលោកទាំងមូល៕

ដោយ​៖សហការី​


ចែករំលែក៖