ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងកូរ៉េខាងត្បូងបញ្ជូនយន្តហោះចម្បាំង២០គ្រឿងធ្វើសមយុទ្ធក្រោយពីកូរ៉េខាងជើងសាកល្បងមីស៊ីល

ចែករំលែក៖

នៅថ្ងៃទី៧ខែមិថុនា អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះចម្បាំង២០គ្រឿងហោះហើរនៅតំបន់សមុទ្រកូរ៉េខាងជើង ។
សារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្រ្តីទីក្រុងសេអ៊ូលបានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនាថ្ងៃអង្គារនេះ បានរួមគ្នាសម្ញែងអានុភាពយោធាផ្លូវអាកាសរបស់ពួកគេ ដែលមានការចូលរួមពីយន្តហោះចម្បាំងចំនួន២០គ្រឿង រួមទាំងយន្តហោះ F-35A នៅលើផ្ទៃអាកាសនៃសមុទ្រលឿង។
អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូងបានលើកឡើងថា អំឡុងសមយុទ្ធត្រៀមលក្ខណៈនោះ ភាគីកូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំងសរុបចំនួន១៦គ្រឿង រួមមានយន្តហោះ F-35A, F-15K និង KF-16 ខណៈខាងសហរដ្ឋអាមេរិកបានចល័តយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង។
យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល បានបង្ហាញឱ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លារបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសកម្មភាពបង្កហេតុណាមួយរបស់កូរ៉េខាងជើង ហើយកំពុងរក្សាជំហរត្រៀមលក្ខណៈយ៉ាងរឹងមាំ។
កាលពីថ្ងៃទី៦ខែមិថុនា កូរ៉េខាងត្បូងនិងអាមេរិកទើបតែបានបាញ់មីស៉ីលបាលីស្ទិគចំនួន៨គ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត ជាការឆ្លើយតបចំពោះការបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ កាលពីសប្តាហ៍មុន ប្រទេសទាំងពីរ ក៏បានធ្វើសមយុទ្ធជើងទឹករួមគ្នា នៅក្បែរឧបទ្វីបកូរ៉េ ដោយមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកផងដែរ៕ ដោយ៖ ធីរីណា

រូបថត​ ៖​ zingnews.vn


ចែករំលែក៖