ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោកឯម ច័ន្ទមករា បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែមិថុនា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរួមរវាងស្ថាប័នទាំងពីរជួយដល់ជនមានពិការភាពនៅកម្ពុជា។
កិច្ចប្រជុំធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយដឹកនាំដោយ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោក ចន ណារិទ្ធ ដោយមានការចូលរួមពីមន្ត្រីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងមន្ត្រីគម្រោង ACCESSផងដែរ។
ក្រុមប្រឹក្សាទាំងពីរបានធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការណ៍មួយចំនួនដែលអាចធ្វើរួមគ្នាបានដូចជា សេចក្ដីព្រាង ToR ដោយយកធាតុចូលពីក្រុមប្រឹក្សាជាតិគាំពារសង្គមលើសេចក្ដីព្រាងសម្រាប់ជ្រើសរើសទីប្រឹក្សាបច្ចេកទេសអន្តរជាតិជួយក្នុងការកសាងគោលការណ៍ណែនាំនេះ ចុះហត្ថលេខារចាងក្រុមប្រឹក្សាទាំងពីរលើគោលការណ៍ណែនាំស្ដីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គម។
ភាគីទាំងពីរក៏បានពិភាក្សាលើការអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរបន្តពិនិត្យនិងធ្វើការងារជាមួយដៃគូអភិវឌ្ឍន៍ដូចជា UNDP និងកម្មវិធី ACCESS ក៏ដូចជាកំណត់សមាសភាពថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធដើម្បីទទួលការបណ្ដុះបណ្ដាលជាគ្រូបង្គោលអំពីគោលការណ៍ណែនាំស្ដីពីបរិយាប័ន្នពិការភាពក្នុងកិច្ចគាំពារសង្គម និងកំណត់យន្តការអនុវត្តគោលការណ៍ណែនាំនេះ។
គោលការណ៍ណែនាំស្ដីពីការធ្វើបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គម ចាំបាច់សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) នាយករដ្ឋានសុខុមាលភាពជនពិការ នាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អង្គការតំណាងជនមានពិការភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីចង្អុលបង្ហាញ លើការធ្វើបរិយាបន្នពិការភាព ទៅក្នុងកិច្ចគាំពារសង្គម ឬជំនួយសង្គមដែលកំពុងឬនឹងបង្កើតឡើងដោយច្បាប់គោលនយោបាយគោលការណ៍ណែនាំ ឬលិខិតបទដ្ឋាននានានៃរាជរដ្ឋាភិបាលកម្ពុជា។
ការធ្វើបែបនេះគឺដើម្បីធានាថា ពិការភាពត្រូវបានបញ្ជ្រាបឬបញ្ជូលក្នុងគោលនយោបាយគាំពារសង្គមនានា ធ្វើឱ្យអ្នកបង្កើតគោលនយោបាយអាចយល់ដឹងកាន់តែច្បាស់ពីការដាក់បញ្ចូលពិការភាពទៅក្នុងគោលនយោបាយគាំពារសង្គមនានា ហើយអ្នកប្រតិបត្តិនានាអាចប្រើប្រាស់គោលការណ៍ដើម្បីធានាថាជនមានពិការភាពពិតជាអាចទទួលបានផលប្រយោជន៍ជាក់ស្តែងពីគោលនយោបាយគាំពារសង្គមទាំងនោះបាន។
ក្រៅពីនេះក៏នឹងជួយដល់ ជនមានពិការភាពអាចចូលរួមបានពេញលេញក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនិងទទួលបានផលប្រយោជន៍ពីគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តទាំងនោះ។
ផ្អែកតាមរបាយការណ៍CSES 2019-20 ឱ្យដឹងថា១ក្នុងចំនោម ៥គ្រួសារ (ប្រហែល ១៨%នៃចំនួនគ្រួសារសរុប)នៅកម្ពុជាបានចំណាយច្រើនជាង១០% នៃការចំណាយសរុបរបស់ពួកគេទៅលើការថែទាំសុខភាព ខណៈពេលដែល ៥%ទៀតបានចំណាយច្រើនជាង ២៥%នៃការចំណាយរបស់ពួកគេទៅលើលើការថែទាំសុខភាព។ ហើយជនមានពិការភាពអាចនឹងចំណាយច្រើនជាងនេះ ខណៈពួកគេជិត២ភាគ៣នៃមនុស្សពេញវ័យទំនងជាមិនសូវមានការងារធ្វើ។
ភាគច្រើននៃជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេរស់នៅក្នុងស្ថានភាពប្រាក់ចំណូលទាបនិងគ្មានសុវត្ថិភាព។ ៣៥% នៃជនមានពិការភាពបាននឹងកំពុងរស់នៅក្រោមចំណូលតែ ១០,១០០ រៀល (២.៥ ដុល្លារ) ក្នុងមួយថ្ងៃក្នុងឆ្នាំ២០១៩ ខណៈពេលដែល ៧៨% កំពុងរស់នៅក្រោមចំណូលតែ ១៨,០០០ រៀល (៤.៥៥ ដុល្លារ)។
អាត្រាភាពក្រីក្រក្នុងចំណោមជនមិនមានពិការភាព១៧.៥% រីឯក្នុងចំណោមជនមានពិការភាព២១.១%។ ដូច្នេះភាពចាំបាច់នៃការគោលការណ៍ណែនាំស្ដីពីការធ្វើបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមកាន់តែមានភាពចាំបាច់ដើម្បីជួយដល់ជនមានពិការភាពកាន់តែត្រូវបានគាំពារ និងជួយឱ្យពួកគេបានចូលរួមជាមួយជីវភាពសង្គមឱ្យបានកាន់តែច្រើនដោះស្រាយបញ្ហាក្រីក្រ និងសុខភាពដែលពួកគេកំពុងប្រឈម៕
ដោយ៖ចន្ទ លីហ្សា