ព័ត៌មានទាន់ហេតុការណ៍៖

Leeds យល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាយកខ្សែការពារRasmus Kristensen ពី Red Bull Salzburg

ចែករំលែក៖

ក្លិប Leeds United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខានាំយកខ្សែការពារ Rasmus Kristensen ពីក្លិប Red Bull Salzburg ក្នុងតម្លៃដែលមិនបានបង្ហាញ។ ខ្សែការពារស្តាំវ័យ២៤ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយនឹងចូលរួមជាមួយក្លិបនៅថ្ងៃទី១ ខែកក្កដាខាងមុខ។

កីឡាករជម្រើសជាតិដាណឺម៉ាកដែលមានការបង្ហាញខ្លួនចំនួន៦ដងឲ្យជម្រើសជាតិ Kristensen បានបង្ហាញខ្លួនចំនួន៤៤លើកសម្រាប់ក្រុម Salzburg កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ ខណៈដែលពួកគេបានឈ្នះពានលីគមួយ និងCup ពីរដង។

Kristensen បាននិយាយថា “នៅពេលដែលខ្ញុំបានឮអំពីជម្រើសក្នុងការមកទីនេះ (ទៅកាន់ Leeds) ខ្ញុំពិតជាសប្បាយចិត្ត។ វា​មិន​បាន​ចំណាយ​ច្រើន​ដើម្បី​បញ្ចុះ​បញ្ចូល​ខ្ញុំ វា​ជា​គំនិត​ល្អ​មួយ។ ខ្ញុំពិតជាសប្បាយចិត្តដែលអ្វីៗត្រូវបានដោះស្រាយ ហើយខ្ញុំអាចទន្ទឹងរង់ចាំរដូវកាលដ៏រំភើបមួយ”។

Kristensen បានភ្ជាប់ទំនាក់ទំនងម្តងទៀតជាមួយអ្នកចាត់ការទូទៅ Jesse Marsch ដែលពីមុនបានគ្រប់គ្រងគាត់នៅក្លិបអូទ្រីសដោយបានចុះហត្ថលេខាលើគាត់ពីក្លិបហូឡង់ Ajax ក្នុងឆ្នាំ២០១៩។​ គាត់នឹងក្លាយជាកីឡាករទី២ដែលបានចូលរួមជាមួយ Leeds ពី Salzburg នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើអាមេរិក Brenden Aaronson បានយល់ព្រមផ្ទេរទៅក្លិបកាលពីខែមុន។Kristensen បានបន្ថែមថា “គាត់គឺជាមនុស្សម្នាក់ដែលបាននាំខ្ញុំទៅ Salzburg ពីទីក្រុង Amsterdam ហើយខ្ញុំត្រូវការការកសាងឡើងវិញបន្តិចបន្ទាប់ពីពេលវេលាដ៏លំបាក។ ជាមួយ Jesse ខ្ញុំបានវិវឌ្ឍន៍ខ្លួនរបស់ខ្ញុំ ហើយក្លាយជាកីឡាករបាល់ទាត់ល្អជាលំដាប់។ គាត់គឺជាផ្នែកមួយដ៏ធំនៃការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលរួមនៅទីនេះ ខ្ញុំពេញចិត្តនឹងការដឹកនាំបាល់ទាត់របស់គាត់”។

Kristensen បានចាប់ផ្តើមអាជីពរបស់គាត់នៅប្រទេសដាណឺម៉ាកកំណើតរបស់គាត់ជាមួយ FC Midtjylland ដោយជួយឱ្យពួកគេក្លាយជាជើងឯកដាណឺម៉ាកក្នុងឆ្នាំ២០១៧-២០១៨។ គាត់បានឈ្នះពានលីគ និង Cup ពីរដងក្នុងមួយរដូវកាលរបស់គាត់នៅ Ajax មុនពេលចូលរួមជាមួយក្រុម Red Bull Salzburg ក្នុងឆ្នាំ២០១៩ជាកន្លែងដែលគាត់បានឈ្នះការប្រកួតក្នុងស្រុក៣ដង គឺ២ដងក្រោមការគ្រប់គ្រងរបស់លោក Marsch ហើយកាលពីរដូវកាលមុនបានជួយក្រុមឱ្យឈានដល់ក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយផងដែរ។

Leeds នឹងត្រូវអវត្តមានខ្សែការពារស្តាំ Luke Ayling រហូតដល់រដូវស្លឹកឈើជ្រុះ បន្ទាប់ពីគាត់បានទទួលការវះកាត់របួសជង្គង់ដ៏យូររបស់គាត់ ប៉ុន្តែនឹងមានកីឡាករ Cody Drameh វ័យ២០ឆ្នាំត្រឡប់មកវិញ បន្ទាប់ពីខ្ចីជើងនៅក្របខ័ណ្ឌ Championship ជាមួយក្លិប Cardiff ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖