ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃ ការដុតបំផ្លាញព្រៃឈើ និងការកាយដីលើភ្នំ នៅក្នុងតំបន់ដីព្រៃ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសំឡូត ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹក និងរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ដើម្បីចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃ ការដុតបំផ្លាញព្រៃឈើ និងការកាយដីលើភ្នំខុសច្បាប់ ដែលស្ថិតនៅក្នុងជម្រកដីព្រៃ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅភូមិសាស្រ្ដស្រុកសំឡូតខេត្តបាត់ដំបង 

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារនៃមន្ទីរបរិស្ថានខេត្ត និងកងកម្លាំងប្រដាប់អាវុធ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវចាប់ឱ្យបាននូវជនណាដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដៃភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋនេះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅទេ ព្រៃឈើនៅតំបន់ព្រៃនេះ នឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកចំពោះអ្នកដែលធ្វើការកាយដីភ្នំដោយខុសច្បាប់ ក៏ត្រូវចាត់វិធានការដែរ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យបន្តទៀតឡើយ ។ 

លោកអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ធ្វើការដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែង នៅតំបន់ណាដែលរងការខូចខាតដោយការកាប់ទន្ទ្រាន ការដុតបំផ្លាញ ដើម្បីស្ដារឡើងវិញនូវព្រៃឈើនៅតំបន់មួយនេះ ។ 

លោកអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរឃុំ បន្តផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង ដើម្បីចៀសវាងប្រជាពលរដ្ឋធ្វើការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។ 

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពិសេសដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញ និងបានស្គាល់អំពីព្រៃឈើ ភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ៕

ដោយ៖ស សារ៉េត


ចែករំលែក៖