ព័ត៌មានទាន់ហេតុការណ៍៖

ដើររើសអេតចាយឃើញគ្រឿងម៉ាស៉ីនរថយន្តទុកទំនងក៏លួចត្រូវជាប់ខ្នោះ

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីកាលពីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ដោយសារតែជននេះបានលួចគ្រឿងម៉ាស៊ីនរថយន្តទុកនៅមុខផ្ទះ។ 

គួរបញ្ជាក់ថា កម្លាំងអធិការក្រុងបានលុងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី១៨ ខែ​មិថុនា​ ឆ្នាំ​២០២២ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​ករណី​លួចគ្មានស្ថានទម្ងន់ (លួចគ្រឿងម៉ាសុីនរថយ​ន្ត) កាលពីវេលាម៉ោង៣និង៣០ទាបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ​ឆ្នាំ​២០២២ នៅចំណុចភូមិឡាប៉ូ សង្កាត់យក្ខឡោម។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍ពីនគរបាលក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ថាម​ យ៉ាង​ថាន់​ ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម​ មុខរបរ​ ទិញ​អេតចាយ​ មានទីលំនៅ​សព្វថ្ងៃ​ភូមិ ជ័យ​ជំនះ​ សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ខេត្ត​រតនគិរី។​

របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២២ កម្លាំង​ប៉ុស្តិ៍យក្ខឡោមបានទទួលពាក្យបណ្តឹង​រាយការណ៍​ពីប្រជាពលរដ្ឋថា មានករណី​លួច​គ្រឿង​រថយន្ត​នៅផ្ទះ​របស់​គាត់​។ ក្រោយ​ពីទទួលបាន​ព័ត៌មាន​រួច​មក​ កម្លាំង​សមត្ថកិច្ចបាន​ចុះទៅ​ដល់​កន្លែងកើតហេតុភ្លាម បាន​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ ដែល​មានអត្តសញ្ញាណដូចខាងលើយកមកអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីធ្វើការសាកសួរបំភ្លឺ និងបន្តនីតិវិធី។

ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដកហូតសម្ភាររួមមាន៖

– ម៉ូតូ​ម៉ាក វ៉េវ ឆ្លាម ពណ៌.ស គ្មាន​ស្លាក​លេខ សណ្តោងរ៉ឺម៉ក១គ្រឿង

– ប្រអប់លេខរថយន្តចំនួន១

– ពូថៅ​មួយ និង​សម្ភារកូន​សោរ​មួយ​ចំនួន​ទៀត​។​

 ជនសង្ស័យ​រួមទាំង​សម្ភារវត្ថុ​តាង បាន​ឃាត់​នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីស្រាវជ្រាវ​ និង​បានបំពេញ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការអមសា​លា​ដំបូង​ខេត្ត ៕

ដោយ៖ សូរិយា


ចែករំលែក៖