ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Range Rover ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៥០ម៉ែត្របែកកង់ខាងមុខទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ លេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AB-0523ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតខាងលើបានរេចង្កូតជ្រុលទៅមុខរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជាង៥០ម៉ែត្រទើបបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។ ចំណែកអ្នកបើកបរមិនព្រមចុះពីលើរថយន្តទេ នៅអង្គុយចុចទូរស័ព្ទធ្វើព្រងើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ