អន្តរជាតិ៖ បេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានចុះផ្សាយថា ហាង McDonald’s ដំបូងបំផុតដែលបើកនៅក្នុងប្រទេសថៃបានប្រកាសបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ប្រភពដដែលបន្តថា McDonald’s សាខាទី១ដែលមានទីតាំងនៅផ្សារទំនើប Amarin Plaza កណ្តាលទីក្រុងបាងកកនឹងត្រូវបិទទ្វាររយៈពេល២ឆ្នាំ ដោយផ្សារទំនើបនេះត្រូវបានជួសជុលឡើងវិញ និងភ្ជាប់ជាមួយផ្សារ ១ទៀតឈ្មោះថា Gaysorn Village។
សូមជម្រាបថា មុនពេលផ្អាកដំណើរការ សាខាដែលបានបើកកាលពី៣៧ឆ្នាំមុនក្នុងឆ្នាំ១៩៨៥ កំពុងផ្ដល់នូវកាដូពិសេសដល់អតិថិជន ជាមួយនឹងកម្មវិធីប្រកួតថតរូបនិងចំណងជើងដែលល្អបំផុត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនានេះ។ ទោះជាយ៉ាងណាក្ដី សាខារបស់McDonald’sផ្សេងទៀតនៅក្បែរនោះនៅតែដំណើរការជាធម្មតា។
ហាង McDonald’s មានវត្តមានជាដំបូងដោយលោក Richard និង Maurice (Mac) McDonald ក្នុងឆ្នាំ១៩៤០ នៅលើផ្លូវលេខ ៦៦ ក្នុងទីក្រុង San Bernardino រដ្ឋកាលីហ្វ័រនីញ៉ា។ ក្រោយមកពួកគេបានលក់ក្រុមហ៊ុនរបស់ពួកគេទៅឱ្យ Ray Kroc នៅ Des Plaines រដ្ឋ Illinois ។ បច្ចុប្បន្នមាន McDonald’s ប្រមាណ ៣៦,០០០ កន្លែងក្នុង ១១៩ប្រទេស និងដែនដី៕
ដោយ៖សហការី