ព័ត៌មានទាន់ហេតុការណ៍៖

វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ បានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៤៩នាក់ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ នៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម ឡុង កុសល អគ្គនាយករង តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលបានខិតខំបង្ហាញរបកកំហើញថ្មីៗជូនដល់សិក្ខាកាមគ្រប់រូប។ លោក សូមឱ្យមគ្គុទេសក៍ទេសចរណ៍ដែលបានសិក្សាវគ្គវិក្រឹតការពិសេសនេះ ចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗឱ្យគ្នាទៅវិញទៅមក ដោយអ្នកចេះច្រើនបង្ហាញអ្នកតិច ដែលនេះជាកុសលល្អ នោះវិស័យទេសចរណ៍កាន់តែរីកចម្រើន។

លោក ឡុង កុសល អគ្គនាយករង តំណាង លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរារំពឹងថាមេរៀនដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍ បានផ្តល់ជូនដល់សិក្ខាកាមទាំងអស់គ្នា វាជាចំណេះដឹងថ្មីៗ ជាពិសេសលទ្ធផលនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងជំនឿអរូបបីនៅក្នុងតំបន់អង្គរ ដែលជាព័ត៌មានជាក់លាក់បែបវិទ្យាសាស្រ្ត ទុកជាទុនបន្ថែមសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។ លោក សំណូមពរដល់សិក្ខាកាម និងភាគីពាក់ព័ន្ធមានការសហការល្អជាមួយគ្នា យកគ្នាធ្វើជាដៃគូពិភាក្សា ទោះបីបំពេញការងារខុសគ្នា ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមានគោលដៅ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ទាំងអស់គ្នា។

សិក្ខាកាម អ្នកស្រី អៃ ផារីណាន មគ្គុទេសក៍ទេសចរណ៍ភាសាបារាំង មកពីសមាគមខ្មែរអង្គរ បានឱ្យដឹងថា ក្រោយពេលចូលសិក្សាវគ្គវិក្រិតការរយៈពេល១០ថ្ងៃមកនេះ ទទួលបានចំណេះច្រើន ហើយអ្វីដែលមិនធ្លាប់ដឹងពីមុន ឥឡូវបានទទួលមកបំពេញចន្លោះខ្វះខាតកន្លងមក និងយល់ដឹងពីទិន្នន័យការស្រាវជ្រាវថ្មីៗដែលអាជ្ញាធរជាតិអប្សរាបង្ហាញតាមការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសតួនាទីរបស់អាជ្ញាធរជាតិអប្សរា។ អ្នកស្រី អៃ ផារីណាន នឹងយកចំណេះនេះ ទៅបង្ហាញជូនដល់ភ្ញៀវទេសចរដែលអ្នកស្រីដឹកនាំទស្សនាក្នុងតំបន់អង្គរផង។

សិក្ខាកាមមួយរូបទៀត លោក សឿន សារុន ជាអនុប្រធានសហគមន៍មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងវគ្គវិក្រិតការពិសេសនេះ។ លោកឱ្យដឹងថា វគ្គវិក្រិតការនេះ ជួយសម្រួចនូវជំនាញមគ្គុទេសក៍ទេសចរណ៍ ដើម្បីយកទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស ជាពិសេសចំណេះដឹងថ្មីៗពីការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃប្រាសាទព្រហ្មកិល និងការបកស្រាយសិលាចារឹកមួយចំនួនទៀត ដែលចំណុចសំខាន់ៗទាំងនេះ បានបង្កើនចំណេះដឹងបន្ថែមទៀត។ លោក សឿន សារុន យល់ថា វគ្គវិក្រិតការពិសេសនេះ ពិតជាសំខាន់សម្រាប់មគ្គុទេសក៍ក្នុងការបន្ថែមចំណេះដឹងកាន់តែប្រសើរឡើង។ លោកក៏បានសំណូមពរដល់ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើងនាពេលអនាគតជាបន្តបន្ទាប់ទៀត សម្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍មានឱកាសចូលរួមសិក្សាក្នុងវគ្គវិក្រិតការពិសេសនេះ ទទួលបានចំណេះដឹងថ្មីៗមានភាពច្បាស់លាស់ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរកាន់តែទូលំទូលាយ៕

ដោយ​៖សហការី​


ចែករំលែក៖