អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថា ពេលវេលាពិតប្រាកដរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកអឺរ៉ុបគឺនៅក្នុងឆ្នាំ២០៥០ ប៉ុន្តែអឺរ៉ុបអាចនឹងត្រូវបែកបាក់នៅមុនឆ្នាំ២០៥០ទៅទៀត។
សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ អតីតប្រធានាធិបតីរុស្ស៉ី និងជាអនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានព្យាករថា សហភាពអឺរ៉ុបអាចនឹងមានជោគវាសនាដូចអតីតសហភាពសូវៀត ដោយរលាយបាត់ចេញពីផែនទីពិភពលោកមុននឹងអ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប។
លោក ឌីមីទ្រី ម៉េដវ៉េដេវ ដែលជាអតីតប្រធានាធិបតីរុស្ស៉ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ីបានធ្វើការ កត់សម្គាល់ខាងលើក្នុងសារមួយសរសេរលើបណ្ដាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការប្រៀបធៀបរវាងការសន្យារបស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែន និងផែនការរបស់សហភាពសូវៀតដែលចង់កសាងលទ្ធិកម្មុយនិស្ដ។ លោក ម៉េដវ៉េដេវ បានបញ្ជាក់ដូច្នេះថា «យើងប្រហែលជាអាចកសាងលទ្ធិកម្មុយនិស្ដបានប្រសិនបើសហភាពសូវៀតមិនរលំរលាយ។ តើយល់ពីអ្វីដែលខ្ញុំចង់និយាយដែរឬទេ?»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា អ៊ុយក្រែនគួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែការទទួលយកអ៊ុយក្រែនជាសមាជិកត្រូវបានគេរំពឹងថាអាចនឹងចំណាយពេលរាប់ឆ្នាំ ខណៈដែលមេដឹកនាំអឺរ៉ុបនឹងត្រូវជួបប្រជុំគ្នាដើម្បីពិភាក្សាលើបញ្ហានេះនៅក្នុងសប្ដាហ៍នេះ៕ ដោយ៖ ធីរីណា
រូបថត ៖ AP
រូបថត ៖ Reuters