ភ្នំពេញ ៖ ថ្ងៃនេះ កាលពី៤៥ ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ជាពិសេសពីកូនប្រុសដែលមិនទាន់បានកើតនៅឡើយ ដើម្បីគោលដៅដ៏សំខាន់មួយ គឺការស្វែងរកការរំដោះជាតិមាតុភូមិ។ នេះជាការថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
លោកលើកឡើងថា, ទោះជាស្ថិតនៅក្នុងស្បៃអន្ធការនៃសោកនាដកម្ម និងអំពើឃោឃៅជាច្រើនដែលពុកបានឆ្លងកាត់ក្នុងពេលនោះ តែពុកបានជម្នះឧបសគ្គទាំងអស់បាន ហើយងើបឡើងតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ មាតុភូមិ និងប្រជាជន។ កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។
លោកបញ្ជាក់ថា, ២០ មិថុនា ១៩៧៧ ជាការចងចាំដ៏ពិសេសមួយសម្រាប់ពួកយើង ដែលមិនត្រឹមតែជាចងចាំអំពីការធ្វើការសម្រេចចិត្តដ៏លំបាកបំផុតមួយរបស់បុរសម្នាក់ក្នុងការលះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិតដើម្បីប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះទេ តែជាការរំឭកឡើងវិញនូវស្មារតីនៃក្តីសង្ឃឹម ការជឿជាក់លើប្រទេសជាតិខ្លួនឯង ការមិនបោះបង់ចោលជាតិសាសន៍ និងប្រជាជនខ្លួនទោះក្នុងកាលៈទេសៈណាក៏ដោយ។ គម្រូវីរភាពដ៏អង់អាចនេះហើយ ដែលបានចាក់ឫសក្នុងក្រឳបេះដូងរបស់យើងគ្រប់គ្នា។
លោក ហ៊ុនម៉ានី បានថ្លែងបន្តថា , ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមធ្វើការគោរព និងបួងសួងដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់ ដែលបានពលីជីវិត និងបាត់បង់ជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរណ្តៅមរណៈនៃបនប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ សូមឱ្យមេរៀនឈឺចាប់ទាំងអស់នេះស្ថិតក្នុងការចងចាំរបស់យុវជនជំនាន់ក្រោយ ដើម្បីពួកគេអាចស្វែងយល់ពីតម្លៃនៃសុខសន្តិភាពមួួយនេះ ដែលត្រូវបានតស៊ូ ពុះពារ ជម្នះឧបសគ្គជាច្រើនរយជំពូកទម្រាំអាចកសាង និងរក្សាបានមកដល់សព្វថ្ងៃនេះ។ សន្តិភាពដែលយើងកំពុងតែរស់នៅប្រកបដោយជីវភាពរុងរឿង សំបូរសប្បាយនាថ្ងៃនេះ កើតចេញពីការលះបង់ដ៏ធំធេងជាច្រើន និងការសម្រេចចិត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតមួយកាលពី ៤៥ ឆ្នាំមុន។
#អរគុណសន្តិភាព
#ដំណើរឆ្ពោះទៅការសង្រ្គោះជាតិ
#morethanafather ៕
ដោយ ៖ សិលា