ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងបាវិតនិងស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង៧និង១០ នាទីយប់ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូ ១ គ្រឿង ម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R-៧១៨៩ បើកបរដោយឈ្មោះ សារុំ រ៉ានុត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិលាក់ជា ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកប៉ះរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ៣A២៣៥១កំពុងបើកថយក្រោយចេញពីដីឡូតិ៍ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីបង្កគ្រោះថ្នាក់រួចមកអ្នកបើករថយន្តគេចយកទៅលាក់ទុកនៅដីឡូតិ៍និងរត់គេចខ្លួនបាត់ស្រមោល។
មធ្យោបាយធ្វើដំណើរសមត្ថកិច្ចបានវាស់វែងនិងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ។
មូលហេតុដោយសារតែ អ្នកបើកបររថយន្តបើកបររយ៊ែថយក្រោយចេញពីដីឡូតិ៍ខ្វះការប្រុងប្រយ័ត្ន ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវកំពុងសាងសង់ ស្ថិតក្នុង ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ ១FV៩២៤៦ដោយប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័បណ្ដាលឱ្យធ្លាក់ចូលក្នុងការដ្ឋានស្ពានកំពុងសាងសង់រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យសាមគ្គីរំដួល ៕
ដោយ៖យឹម សុថាន